ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥
ប្រទេសចិនបានមើលឃើញកំណើនចំនួនភ្ញៀវទេសចរបរទេសក្នុងកំលុងពេលឈប់សម្រាកបុណ្យជាតិ និងពិធីបុណ្យសែនព្រះខែដែលត្រូវបានគេស្គាល់ថាជា "សប្តាហ៍មាស" ដោយសារគោលនយោបាយលើកលែងទិដ្ឋាការ និងការសម្រួលជាច្រើនដល់ទេសចរ។
យោងតាមរដ្ឋបាលអន្តោប្រវេសន៍ចិន ក្នុងកំលុងពេលឈប់សម្រាកបុណ្យសែនព្រះខែរយៈពេលប្រាំបីថ្ងៃដែលបញ្ចប់ទៅកាលពីថ្ងៃទី៨ តុលា ជនបរទេសសរុបជាង 751,000 នាក់បានធ្វើដំណើរចូលប្រទេសចិន កើនឡើង 19.8 ភាគរយធៀបនឹងឆ្នាំមុន ដោយក្នុងនោះមាន 535,000 នាក់បានធ្វើដំណើរមកក្រោមគោលនយោបាយលើកលែងទិដ្ឋាការ កើនឡើង 46.8 ភាគរយធៀបនឹងឆ្នាំមុន។
ឧទ្យានព្រៃឈើជាតិ Zhangjiajie (ចាងជែជៀ) ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ស្ថិតក្នុងខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសារខែកញ្ញា និងខែតុលា គឺជា "រដូវមាស" សម្រាប់ការទស្សនា Zhangjiajie ជាមួយនឹងសីតុណ្ហភាពមធ្យមប្រកបដោយផាសុកភាព និងអាចមើលឃើញទេសភាពច្បាស់ៗ។
ដើម្បីឆ្លើយតបទៅនឹងលំហូរចូលនៃភ្ញៀវទេសចរបរទេសដ៏ច្រើន ឧទ្យាន Zhangjiajie បានធ្វើឱ្យប្រសើរឡើងនូវសេវាកម្មបង់ប្រាក់ និងភាសា ដោយបានដាក់ស្លាកសញ្ញាផ្លូវ និងព័ត៌មានណែនាំមានភាសាច្រើន រួមទាំងភាសាអង់គ្លេស និងកូរ៉េ។
ក្រៅពីនេះ កន្លែងទេសចរណ៍ក៏បានជួលបុគ្គលិកចំនួន 60 នាក់ ដែលអាចនិយាយភាសាបរទេសផ្សេងៗគ្នា ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរមកពីប្រទេសផ្សេងៗ។ វិធានការទាំងអស់នេះបានជំរុញឱ្យមានការស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍ក្នុងប្រទេស។
ស្របពេលការបង់ប្រាក់គឺជាបញ្ហាសម្រាប់អ្នកធ្វើដំណើរបរទេស ដើម្បីសម្រួលដល់ភ្ញៀវទេសចរ ឧទ្យាន Zhangjiajie ក៏បានពង្រីកការទទួលប័ណ្ណឥណទានអន្តរជាតិនៅទូទាំងតំបន់ចំណាយសំខាន់ៗ ដោយបានដំឡើងម៉ាស៊ីនប្តូរប្រាក់សេវាកម្មដោយខ្លួនឯងចំនួន 3 និងបានផ្តល់សិទ្ធិឱ្យភ្នាក់ងារប្តូរប្រាក់ចំនួន 25 ៕
ប្រែសម្រួល៖ វ៉ាន់ថន