ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥

ផ្ទាំងទស្សនីយភាពសៀក «ហនុមានសុំស្នេហ៍នាងមច្ឆា» របស់សិស្សផ្នែកសៀកនៃសាលាមធ្យមវិចិត្រសិល្បៈ អស្ចារ្យខ្លាំងរហូតអ្នកចូលរួមស្រឡាំងកាំង

០៨ តុលា ២០២៥ | កម្សាន្ដ

 

 

សិស្សផ្នែកសៀកនៃសាលាមធ្យមវិចិត្រសិល្បៈ ធ្វើឱ្យអ្នកចូលរួមភ្ញាក់ផ្អើលស្រឡាំងកាំង ជាមួយទេពកោសល្យសម្តែងសៀកយ៉ាងល្វន់ល្វត់ ក្នុងផ្ទាំងទស្សនីយភាពសៀក ត្រង់ឈុតឆាក «ហនុមានសុំស្នេហ៍នាងមច្ឆា»។

 

 

ស្នាដៃសៀកតម្លើងថ្មីរបស់សិស្សផ្នែកសៀកនៃសាលាមធ្យមវិចិត្រសិល្បៈ ឈុត «ហនុមានសុំស្នេហ៍នាងមច្ឆា» ត្រូវបានសម្តែងជូនសាធារណជនទស្សនាដោយស៊េរី ក្នុងកម្មវិធី «សិល្បៈសប្បុរសធម៌ ដើម្បីវីរកងទ័ព» ដែលរៀបចំឡើងសាលាមធ្យមវិចិត្រសិល្បៈ កាលពីពេលថ្មីៗកន្លងទៅ ក្នុងបំណងកៀរគរថវិកា គ្រឿងឧបភោគ ស្បៀងអាហារ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ផ្សេងៗ គាំទ្រដល់ប្រជាជនភៀសសឹក និងវីរៈកងទ័ពដែលកំពុងឈរជើងការពារបន្ទាត់ព្រំដែនយ៉ាងអង់អាចក្លាហាន។

 

 

ផ្ទាំងទស្សនីយភាពសៀក «ហនុមានសុំស្នេហ៍នាងមច្ឆា» ជាស្នាដៃសៀកតម្លើងថ្មីក្នុងទម្រង់សៀកសាច់រឿង ហើយសាច់រឿងនេះដកស្រង់ចេញពីរឿងរាមកេរ្តិ៍ក្នុងឈុតតស្ពានទៅនគរលង្ការ ដែលតួអង្គសំខាន់ក្នុងវគ្គនេះ គឺនាងសុវណ្ណមច្ឆា និង ហនុមាន ស្វាស។ ចំនុចទាក់ទាញពិសេសនៃស្នាដៃសៀកតម្លើងថ្មីនេះ គឺការជ្រើសរើសតួអង្គ និងការបញ្ចូលបច្ចេកទេសសៀកក្នុងឈុតឆាកនៃរឿងរាមកេរ្តិ៍ខ្មែរយើង បង្កើតជាស្នាដៃសៀកថ្មីប្លែកអស្ចារ្យ សូម្បីតែអ្នកចូលរួមទស្សនាផ្ទាល់ក៏ស្រឡាំងកាំងខ្លាំងពេលបានទស្សនាការសម្តែងនេះដោយផ្ទាល់ភ្នែក។

 

 

ក្រឡេកទៅមើលតួអង្គ ហនុមាន ស្វាស និង នាងសុវណ្ណមច្ឆា សម្តែងដោយសិស្សផ្នែកសៀកឆ្នាំទី៦ នៃសាលាមធ្យមវិចិត្រសិល្បៈឯណោះវិញ គឺ កញ្ញា រ៉ើន ចាន់រ៉ា និង លោក សុន វិច្ឆិកា រំភើបខ្លាំងពេលឮស្នូរសម្លេងទះដៃយ៉ាងទ្រហឹងអើងកងរបស់អ្នកចូលរួមចំពោះការសម្តែងសិល្បៈទស្សនីយភាពសៀក «ហនុមានសុំស្នេហ៍នាងមច្ឆា» ដែលនេះជាកម្លាំងចិត្តដល់ធំធេងសម្រាប់សិល្បករសៀក និងក្រុមសៀកទាំងមូល។ 

 

 

ឆ្លៀតឱកាសនេះ លោក វង្ស វណ្ណៈ គ្រូបង្ហាត់ផ្នែកសៀកនៃសាលាមធ្យមវិចិត្រសិល្បៈ ក៏បានអំពាវនាវឱ្យគ្រប់គ្នាងាកមកយកចិត្តទុកដាក់លើសិល្បៈសៀកឱ្យបានច្រើនជាងមុន ព្រោះសៀកជាទម្រង់សិល្បៈដ៏ចំណាស់មួយរបស់ខ្មែរយើង ហើយបច្ចុប្បន្នក៏កំពុងប្រឈមការខ្វះខាតធនធានអ្នកបន្តវេនផងដែរ។ 

 

 

ក្នុងនាមជាគ្រូបង្ហាត់សិល្បៈសៀក លោក វង្ស វណ្ណៈ ចង់ឱ្យសិល្បៈសៀកមានទីផ្សារទូលំទូលាយជាងនេះ និងចង់ឃើញការសម្តែងតាមកម្មវិធីនានាដូចទម្រង់សិល្បៈផ្សេងៗទៀតដែរ។ ដូចនេះសម្រាប់លោកអ្នកដែលចំណាប់អារម្មណ៍ចង់ឱ្យកូនៗចូលរួមហាត់រៀនសិល្បៈសៀក អាចទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់សាលាមធ្យមវិចិត្រសិល្បៈដោយក្តីរីករាយ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025