ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥

ព្រះកាយច័ន្ទ ចង់ទុកការងារសិល្បៈមួយរយៈជួយដុសខាត់ក្មេងតូចៗឱ្យមានឱ្យមានអាជីពផ្នែកសិល្បៈ

០៩ តុលា ២០២៥ | កម្សាន្ដ

 

តារាសម្តែង ព្រះកាយច័ន្ទ កំពុងសប្បាយរីករាយជាមួយការងារបង្ហាត់បង្រៀនកូនសិស្សតូចៗរបស់ខ្លួន ដោយបានផ្អឹបការងារសម្តែងនិងច្រៀងទុកមួយឡែក ។ព្រះកាយច័ន្ទ គឺជាតារាសម្តែងល្បីឈ្មោះមួយរូបដែលមានស្នាដៃសម្តែងធំៗជាច្រើនកន្លងមកនាងក៏ធ្លាប់បានចូលរួមសម្តែងរឿងភាគឱ្យទូរទស្សន៍ភីអិនអិនផងដែរ ។ ប៉ុន្តែគួរឱ្យស្តាយប៉ុន្មានឆ្នាំចុងក្រោយនេះ នាងស្ទើរតែបោះបង់អាជីពសម្តែងចោលទៅហើយ ដោយបានងាកទៅពង្រឹងការងាររកស៊ី និងមើលការខុសត្រូវបង្ហាត់បង្រៀនសិស្សតូចៗនៅក្នុងក្លឹបសិល្បៈរបស់ខ្លួន ។

 

 

 

ជួបជាមួយកញ្ញា  កាលពីពេលថ្មីៗនេះនាងបានឱ្យដឹងផងដែរថា ការងារសិល្បៈឥឡូវស្ងាត់ជាងមុនច្រើនព្រោះនាងមិនទទួលថតរឿងដូចមុនទេ ភាគច្រើននាងមមាញឹកនៅក្នុងការបង្ហាត់បង្រៀនសិស្សតូចៗរបស់ខ្លួនរាប់រយនាក់នៅក្នុងក្លឹបសិល្បៈព្រះកាយច័ន្ទ ។ ថ្វីដ្បិតតែការងារនេះមើលទៅហត់បន្តិចមែន ប៉ុន្តែនាងរីករាយនិងចូលចិត្តនៅពេលដែលបាននៅក្បែរក្មេងៗនិងបានចែករំលែកចំណេះនិងជំនាញដែលខ្លួនមានទៅក្មេងៗជំនាន់ក្រោយ ។

 

 

 

កញ្ញា ព្រះកាយច័ន្ទ មិនត្រឹមតែមានទេពកោលស្យនៅក្នុងការសម្តែងនិងច្រៀងប៉ុណ្ណោះទេ នាងថែមទាំងជាគ្រូបង្ហាត់បង្រៀនកូនសិស្សតូចៗខាងផ្នែករបាំបុរាណ សម័យ និងសម្តែងដ៏ល្អម្នាក់ មកទល់ពេលនេះនាងបានបើកសាខាក្លឹបព្រះកាយច័ន្ទរហូតដល់ទៅ៣កន្លែង ដែលអាចរកប្រាក់ចំណូលបានច្រើនគួរសមដើម្បីចិញ្ចឹមជីវិត ។ 

 

 

 

កញ្ញា ព្រះកាយច័ន្ទ បានបញ្ជាក់ថា ការពិតទៅការងារនេះមិនសូវរកប្រាក់ចំណូលបានច្រើននោះទេ តែដើម្បីបំពេញក្តីស្រមៃ និងការស្រឡាញ់របស់ខ្លួនចង់យកចំណេះដែលខ្លួនមានចែករំលែកដល់ក្មេងៗជំនាន់ក្រោយ ។ សម្រាប់អាជីពសម្តែងប្រសិនបើផលិតកម្មនៅតែត្រូវការនាង នាងនៅតែទទួលថត គ្រាន់តែក្នុងពេលនេះនាងចង់ឱ្យការងារនៅក្នុងក្លឹបសិល្បៈរបស់ខ្លួនដំណើរការកាន់តែល្អ និងមានប្អូនៗចូលរៀនច្រើន ៕  
 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025