ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥

ជោគជ័យទាំងថ្នាក់ជាតិ និងអន្តរជាតិ ភាពយន្តខ្នាតធំ «កំណើតអរូប » ផ្តើមផលិតវគ្គ២

០៧ តុលា ២០២៥ | កម្សាន្ដ

 

ជោគជ័យខ្លាំងលើការផលិតវគ្គ១ ផលិតកម្ម Wonder Film Entertainment បើកកាមេរ៉ាផលិតខ្សែភាពយន្តខ្នាតធំ «កំណើតអរូប ២» សម្រិតសម្រាំងខ្លាំងទាំងសាច់រឿង តួអង្គ និងបច្ចេកទេសថត។

 

 

បន្ទាប់ពីទទួលបានជោគជ័យខ្លាំងក្នុងការចាក់បញ្ចាំងទាំងក្នុង និងក្រៅប្រទេស ភាពយន្តខ្នាតធំ រឿង «កំណើតអរូប» របស់ផលិតកម្ម Wonder Film Entertainmen ចាប់ផ្តើមបើកកាមេរ៉ាផលិតវគ្គ ២ បន្តទៀត  ដោយមានការចូលរួមដោយតារាល្បីៗជាច្រើនរូបទាំងតារាភាពយន្តខ្មែរ និងបរទេស រួមទាំងផលិតករ និងក្រុមការងារជាច្រើននាក់។

 

 

លោក សែម វិសាល អ្នកនិពន្ធ និងជាអ្នកដឹកនាំ រឿង «កំណើតអរូប» វគ្គ ១ & ២ ទទួលស្គាល់ថារឿងនេះពិតជាផ្ទុះការគាំទ្រខ្លាំង មិនត្រឹមតែទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ តែរឿងនេះត្រូវបានចែកចាយទៅកាន់ទីផ្សារអន្តរជាតិសរុបប្រមាណជិត ២០ប្រទេសឯណោះ ដែលនេះចាត់ទុកជាភាពជោគជ័យយ៉ាងខ្លាំងក្លានៃរឿង «កំណើតអរូប»។

 

 

 

ផ្នែកលើភាពជោគជ័យ និងការវាយលុកទីផ្សារអន្តរជាតិបានមួយផ្នែកធំនេះហើយ ធ្វើឱ្យលោក សែម វិសាល បន្តអភិវឌ្ឍឆ្អឹងរឿងវគ្គ២ ឱ្យកាន់តែរឹងមាំ ហើយប្លែកខុសដាច់ពីវគ្គមុនទៅទៀត។ សូម្បីតែជ្រើសរើសតួអង្គខ្មែរ និងបរទេស និងបច្ចេកទេសប្លង់ថត ក៏ត្រូវបានសម្រិតសម្រាំងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដថា គុណភាពរឿងល្អខ្លាំងជាវគ្គមុន។

 

 

 

លើសពីភាពយន្តបែបរន្ធត់ព្រឺព្រួច «កំណើតអរូប ២» ច្បិចបញ្ចូលនូវរឿងរ៉ាវប្រវត្តិសាស្ត្រ ប្រវត្តិវប្បធម៌ មន្តអាគម និងការរស់នៅក្នុងសម័យកាលមួយ ដែលអ្នកនិពន្ធធានាថាប្លែកមិនធ្លាប់មានពីមុនមក។

 

 

ចាងហ្វាងផលិតកម្ម រូបនេះ បានចំណាយពេលរាប់ខែលើការតែងនិពន្ធសាច់រឿង និងការតុបតែងប្លង់ថត ជាមួយបច្ចេកទេសកាមេរ៉ាដ៏ទំនើប និងបានត្រៀមបញ្ចូលបញ្ចូលបច្ចេកទេសកាត់តកម្រិតខ្ពស់តាមតម្រូវការប្លង់ និងសាច់រឿងពិតៗ។

 

 


មិនខុសពីវគ្គ ១ រឿង «កំណើតអរូប ២» គ្រោងនឹងនាំយកទៅវាយលុកទីផ្សារក្រៅស្រុក ពិសេសទីផ្សារភាពយន្តចិនតែម្តង ដោយបច្ចុប្បន្នផលិតកម្មកំពុងស្វែងរកច្រកចេញទៅទីផ្សារអន្តរជាតិឱ្យធំទូលាយជាងមុន និងសង្ឃឹមថា ភាពយន្តខ្មែរអាចលេចវត្តមានលើទីផ្សារអន្តរជាតិកាន់តែច្រើនឡើង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025