ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥
ព្រឹត្តិការណ៍មហោស្រពដែលផ្តោតសំខាន់ទៅលើកការច្នៃប្រឌិតផ្នែកសិល្បៈ និងការបង្កើតថ្មីដែលមានឈ្មោះ «ចតុ » ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ។
ស្នាដៃច្នៃប្រឌិតរបស់យុវជន យុវនារី កម្ពុជា ៦០រូបដ៏មានទេពកោសល្យអំពីផ្នែកសិល្បៈនិងការបង្កើតថ្មីដែលបានដាក់បង្ហាញឱ្យសាធារណៈជនចូលរូមទស្សនាដោយសេរីក្នុងរយៈពេលមួយខែពេញពិតជាទទួលបានការសាទរយ៉ាងច្រើនពីសំណាក់ទស្សនិកជន ជាក់ស្តែងក្នុងព្រឹត្តិការណ៍បិទមហោស្រព «ចតុ » កាលពីថ្ងៃទី ០៣ ខែតុលា ដែលរៀបចំឡើងនៅវិទ្យាស្ថានបារាំង កន្លងមកនេះមានអ្នកចូលរួមទស្សនាច្រើនហួសពីការរំពឹងទុក ។
« ចតុ » គឺព្រឹត្តិការណ៍មហោស្រពដែលផ្តោតសំខាន់ទៅលើកការច្នៃប្រឌិតផ្នែកសិល្បៈ និងការបង្កើតថ្មី យុវជនយុវនារី កម្ពុជា ចំនួន ៦០រូប ទាំងក្នុងវិស័យភាពយន្ត តន្ត្រី របាំ និងសៀវភៅបានចូលរួមបង្កើតស្នាដៃ ច្នៃប្រឌិតថ្មីចំនួន៣៥ផ្សេងៗគ្នា រួមមានទាំងភាពយន្តខ្នាតខ្លីចំនួន៥ ក្បាច់រាំចំនួន៥ សៀវភៅរឿង អមដោយរូបភាពចំនួន៦ រឿងនិទានជាសំឡេងជាភាសាខ្មែរចំនួន ៧រឿង បទចម្រៀងចំនួន ៨បទ និងតន្រ្តីសម្រាប់ភាពយន្តខ្នាតខ្លីចំនួន ៤បទ ។
ការបន្សល់ទុកនូវស្នាដៃវប្បធម៌បែបច្នៃប្រឌិតនៅកម្ពុជាតាមរយៈកម្មវិធី «ចតុ» គឺជាគំនិតផ្តួចផ្តើមរបស់ស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា រួមសហការជាដៃគូ ជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា និងអវតា ក្រុមហ៊ុនផលិតកម្ម Anti-Archive ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ (Cambodian Living Arts) ក្រោមជំនួយមូលនិធិរបស់ Equipe France Création នៃក្រសួងការបរទេសបារាំង។
គួររំលឹកផងដែរថា ក្នុងអំឡុងពេលមួយឆ្នាំ កម្មវិធី « ចតុ » បានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពច្នៃប្រឌិត និងភាពរស់រវើកនៃភាពច្នៃប្រឌិតរបស់យុវជន យុវនារីកម្ពុជា ។ក្រោមការជួយជ្រោមជ្រែងពីអ្នកជំនាញជនជាតិបារាំង សិក្ខាកាមទាំង៦០រូបប្រកបដោយទេពកោសល្យទាំងនេះ បានបង្កើតស្នាដៃបែបខ្មែរប្រកបដោយភាពច្នៃប្រឌិត ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវភាពលេចធ្លោរបស់សិល្បករ សិល្បការិនីជំនាន់ ថ្មី ។
គំនិតផ្តួចផ្តើមនេះស្ថិតក្នុងកិច្ចសហប្រតិបត្តិការបារាំងកម្ពុជារយៈពេលយូរ ដែលមានគោលដៅផ្តល់ការគាំទ្រដល់ឧស្សាហកម្ម វប្បធម៌ និងច្នៃប្រឌិតនៅក្នុងស្រុក ក៏ដូចជាពង្រឹងបម្លាស់ប្តូរផ្នែកសិល្បៈរវាងប្រទេសទាំងពីរ ។ ក្នុងព្រឹត្តិការណ៍បិទមហោស្រព « ចតុ » ក៏មានការតាំងពិព័រណ៌បង្ហាញអំពីដំណើរការបង្កើតសៀវភៅអមដោយរូបភាព , ការបញ្ចាំងរឿងនិទានជាសម្លេង , ការចាក់បញ្ចាំងភាពយន្តខ្នាតខ្លី ,ការរាំបែបសហសម័យ និងការប្រគំតន្ត្រី ជាដើម...៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត