ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចុងជាក្រោយហើយ នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ បើតាមក្រសួងការបរទេស គឺការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្ខំឱ្យកិច្ចប្រជុំនេះ ត្រូវរៀបចំឡើងពីចម្ងាយ។
ទីបំផុតទៅ រាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជារដ្ឋម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ មិនអាចទទួលភ្ញៀវ ចូលរួមកិច្ចប្រជុំនេះ នៅថ្ងៃទី២៥ និង២៦វិច្ឆិកា ដោយផ្ទាល់បានឡើយ ដ្បិតស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩បាននិងកំពុងក្លាយជាឧបសគ្គកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ។
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លុយ ដេវីត ដែលជាឧត្តមមន្ត្រីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៃរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថាការរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូនេះ គឺដើម្បីធានាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំបណ្ដាប្រទេសនានា។
ក្រសួងការបរទេសកម្ពុជាក៏បានបញ្ជាក់បន្ថែមទៀតថា ការម្រេចនេះ ធ្វើឡើងស្របតាមអនុសាសន៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ថាការរៀបចំកិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្តនឹងមិនមានសុវត្ថិភាពដល់បណ្ដាថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំនោះឡើយ។
មែនទែនទៅ ឧត្តមមន្ត្រីកម្ពុជា និងបណ្ដាប្រទេសអាសុីអឺរ៉ុបបានបើកកិច្ចប្រជុំតាមអនឡាញ ដោយបានព្រាងនៃសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយជំងឺកូវីដ-១៩ ដែលនឹងក្លាយជាឯកសារមួយ ក្នុងចំណោមឯកសារដែលនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។
ដំបូងឡើយ កម្ពុជា គ្រោងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅភ្នំពេញនាថ្ងៃទី១៦ និង១៧ វិច្ឆិកា ឆ្នាំ២០២០។ ដោយសារកូវីដ-១៩ រាតត្បាតខ្លាំង ទើបសម្រេចបន្តពន្យាទៅពាក់កណ្ដាលឆ្នាំ២០២១ ហើយក៏ពន្យាពេលម្ដងទៀតរហូតកំណត់ឱ្យរៀបចំកិច្ចប្រជុំ នៅចុងខែវិច្ឆិកា។
បច្ចុប្បន្ន កិច្ចប្រជុំអាសុីអឺរ៉ុប ឬASEM មានសមាជិក៥១ប្រទេស។ បើកុំតែកូវីដអុកឡុកធ្ងន់ធ្ងរ ម្លេះសមនៅចុងឆ្នាំនេះ កម្ពុជានឹងត្រូវទទួលមេដឹកនាំកំពូលៗ ឬឥស្សរជនតំណាង មកពីប្រទេសមានជាអាទិ៍អូស្ត្រាលី, អូទ្រីស, បង់ក្លាដែស, បែលហ្ស៊ិក, ប្រ៊ុយណេ, ប៊ុលហ្គារី, កម្ពុជា, ចិន, ក្រូអាត, សាធារណរដ្ឋឆែក, ដាណឺម៉ាក, អេស្តូនី, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, ក្រិក, ហុងគ្រី, ឥណ្ឌា, ឥណ្ឌូណេស៊ី, អៀរឡង់, អ៊ីតាលី, ជប៉ុន, កាហ្សាក់ស្ថាន, កូរ៉េខាងត្បូង, ឡាវ, ឡេតូនី, លីទុយអានី, លុចសំបួ, ម៉ាឡេស៊ី, ម៉ាល់ត៍, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, ហូឡង់, នូវែលសេឡង់, ន័រវេស, ប៉ាគីស្ថាន, ហ្វីលីពីន, ប៉ូឡូញ, ព័រទុយហ្គាល់, រុស្ស៊ី, សិង្ហបុរី, ស្លូវ៉ាគី, ស្លូវេនី, អេស្ប៉ាញ, ស៊ុយអែត, ស្វ៊ីស, ថៃ, ចក្រភពអង់គ្លេស និងវៀតណាម៕
អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ឯកសារ