ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានប្រព្រឹត្តទៅតាមការគម្រោងទុក។ កិច្ចប្រជុំនេះនឹងបន្តរហូតដល់ថ្ងៃទី៦ ខែសីហាទើបបិទបញ្ចប់។ នៅថ្ងៃនេះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីជូនព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំមួយចំនួនដែលក្នុងនោះក៏មានប្រធានបទពាក់ព័ន្ធនឹងដំណើរត្រៀមចូលជាសមាជិកអាស៊ានទី១១របស់ប្រទេសទីម័រខាងកើតផងដែរ។
ពីទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ស្ថិតក្នុងចំណោមប្រមុខការទូតប្រទេសសមាជិកអាស៊ានដែលចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ។ PNN សូមស្រង់យកចំណុចសំខាន់ៗនៃកិច្ចប្រជុំនេះមកបញ្ជាក់ជូនទស្សនកិច្ចជន។
សមាជិកអាស៊ានបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃតម្រូវការក្នុងការចាប់ផ្តើមឱ្យមានអភិក្រម រួម ប្រកបដោយបរិយាប័ន្ន និងរឹងមាំ ក្នុងការឆ្លើយតបចំពោះការប្រឈមភ្លាមៗ ជាពិសេស ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ និងធានាបាននូវការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ រួមមាន កិច្ចសហប្រតិបត្តិការនិងសន្តិសុខលំហសមុទ្រ សមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ ស្ថានការណ៍នៅមជ្ឈឹមបូព៌ា ការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាឆ្លងដែនផ្សេងៗ រួមមាន បញ្ហាសន្តិសុខអ៊ីនធឺណិត ក្នុងនោះបានឯកភាពចាប់ផ្តើមផ្តលជំនួយមនុស្សធម៌ ដោយគ្មានការពន្យារពេល តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីឆ្លើយតបការរីករាលដាលនៃជំងឺកូវីត១៩ នៅក្នុងមីយ៉ាន់ម៉ា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា អាស៊ានគួរខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន និងបន្តវឌ្ឍនភាព នៃការកាត់បន្ថយភាពក្រីក្រ និងបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបែងចែករវាងការគោរពសិទ្ធិមនុស្សនិងសេរីភាព ក្នុងការលើកកម្ពស់ភាពសុខដុមរមនា និងវឌ្ឍនភាពរបស់មនុស្សជាតិ ពីការបន្លំប្រើប្រាស់គោលការណ៍ពិសិដ្ឋទាំងនេះ ដើម្បីបង្កឱ្យមានការស្អប់ខ្ពើម ភាពមិនចុះសម្រុងក្នុងសង្គម អស្ថិរភាព និងការជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានពិភាក្សាអំពីការងារឆ្លងវិស័យ រួមទាំងអាទិភាពអាស៊ានឆ្នាំ២០២១ និងសមិទ្ធផល សំខាន់ៗ និងសំណើរបស់ប្រទេសទីម័រឡេស្តេ ជាសមាជិកនៅក្នុងអាស៊ាន ហើយថាសម្រាប់សំណើរបស់ប្រទេសទីម័រឡេស្តេ ធ្វើ ជាសមាជិកអាស៊ាន កិច្ចប្រជុំបានអនុម័តលើគោលការណ៍ ណែនាំសម្រាប់ការចូលរួមរបស់ប្រទេសទីម័រឡេស្តេនៅក្នុងសកម្មភាពនានារបស់អាស៊ាន ក្នុងគោលបំណងកសាងសមត្ថភាព ដើម្បីអនុញ្ញាតឱ្យប្រទេសទីម័រឡេស្តេអាចធ្វើការសម្របខ្លួនទៅតាមដំណើរការនានាពាក់ព័ន្ធនឹងអាស៊ាន។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះហើយ។ បើតាមក្រសួងការបរទេស កិច្ចប្រជុំដែលពេលនេះប្រទេសព្រុយណេស្ថិតក្នុងឋានៈជាម្ចាស់ផ្ទះដែលទទួលភ្ញៀវពីចំងាយដោយសារកូវីដ១៩នោះ អង្គប្រជុំក៏បានពិភាក្សាគ្នាពាក់ព័ន្ធនឹងការត្រៀមសម្រាប់កិច្ចប្រជុំឆ្នាំ២០២២ដែលកម្ពុជាធ្វើជាម្ចាស់នោះដែរ។ ខណៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពេលនេះមិនទាន់បញ្ចប់ PNNនឹងធ្វើបច្ចុប្បន្នភាពព័ត៌មាននេះជូនទស្សនិកជនបន្តទៀត៕
អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ក្រសួងការបរទេស