ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

កម្ពុជាសរសើរអាមេរិក ក្នុងកិច្ចប្រជុំកម្រិតប្រមុខការទូតជាមួយអាស៊ាន 

០៥ សីហា ២០២១ | ព័ត៌មានជាតិ

យ៉ាងហោចណាស់មានកិច្ចប្រជុំកម្រិតប្រមុខការទូតអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធចំនួន៥ទៀតត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃម្សិលមិញដោយមានការចូលរួមពីប្រមុខការទូតកម្ពុជា។ ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅរសៀលនេះ ក្រសួងកាបរទេសបានឱ្យដឹងពីលទ្ធផលនៃកិច្ចប្រជុំទាំងនោះ ក្នុងនោះក៏បានបញ្ជាក់ពីជំហរកម្ពុជាកោតសរសើរអាមេរិកក្នុងទំនាក់ពហុភាគីជាមួយអាស៊ាន និងទ្វេភាគីជាមួយកម្ពុជាដែរ។ 

 

 

 

សម្រាប់កិច្ចកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក អាស៊ានដែលរួមមានទាំងកម្ពុជាផងនោះ បានសម្តែងកោតសរសើរចំពោះការសន្យារបស់អាមេរិក ក្នុងការផ្តល់ជំនួយដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ជាង៨៧លានដុល្លារអាមេរិកដល់ប្រទេសជាសមាជិកអាស៊ាន និងចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកក្រោមគំនិតផ្តួចផ្តើមស្តីពីអនាគតនៃសុខុមាលភាពអាស៊ាន-សហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។


បើតាមក្រសួងការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការបង្កើនឱកាសនៃទំនាក់ទំនងជាមួយអាស៊ាន ពិសេសតាមរយៈការអនុវត្តកិច្ចព្រមព្រៀង ក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មអាស៊ាន-សហរដ្ឋអាមេរិកឆ្នាំ២០២០-២០២១ និងផែនការការងារដើម្បីពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ។  

 


ឯកឧត្តម បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ានក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងអាស៊ាន និងអាមេរិ និងបានថ្លែងអំណរគុណអាមេរិកសម្រាប់ការជួយរួមចំណែកចំនួន១លានដូស នៃវ៉ាក់សាំង Johnson & Johnson ជូនកម្ពុជា និងបានបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជា និអាមេរិកនៅក្នុងពេលវេលាដ៏លំបាកនេះ។ 

ពាក់ព័ន្ធនឹងលទ្ធផលកិច្ចប្រជុំផ្សេងទៀតនោះ ក្រសួងកាបរទេសបានឱ្យដឹងថាសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយអូស្រ្ដាលី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍សំណើរអូស្ត្រាលី ក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយអាស៊ាន ដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងថ្លែងអំណរគុណអូស្ត្រាលី ដែលបានរួមចំណែកយ៉ាងសកម្មដល់សមាហរណកម្មតំបន់ និងការបង្រួម គម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់ និងបានគូសបញ្ជាក់អំពីការគំាទ្រយ៉ាងសំខាន់ដែលអូស្រ្តាលី បានផ្តល់ការឧបត្ថម្ភសម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ 

 

 

ចំណែកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសហព័ន្ធរុស្ស៊ីវិញ កម្ពុជាបានទទួលតួនាទីជាប្រទេសសម្របសម្រួលរបស់អាស៊ានសម្រាប់ទំនាក់ទំនងសន្ទនាអាស៊ាន-រុស្ស៊ី បន្តពីប្រទេសឥណ្ឌូនេស៊ី សម្រាប់ឆ្នាំ២០២១-២០២៤។ កម្ពុជាបានអះអាងជាថ្មី អំពីការត្រៀមលក្ខណៈរួចរាល់ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានាដែលអាចអនុវត្តបាន ព្រមទាំងបានលើកទឹកចិត្តឱ្យមានការតភ្ជាប់សេដ្ឋកិច្ច បន្ថែមទៀត តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី។ 

ដោយឡែកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយឥណ្ឌា ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា ការឈានមុខរបស់ឥណ្ឌាក្នុងវិស័យឱសថសាស្ត្រ បង្ហាញនូវឱកាសដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ រវាងប្រទេស ជា សមាជិកអាស៊ាន និងឥណ្ឌា។  

 

 

ចុងក្រោយគឺកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន រួមមាន ការកើន ឡើងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងអាមេរិកនិងប្រទេសចិន វិបត្តិនយោបាយ-សន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា ភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង និងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានសន្តិភាពជាអចិន្រ្តៃយ៍ និងការរំសាយអាវុធនុយក្លេអ៊ែរ នៅក្នុងឧបទ្វីបកូរ៉េ។ 

សូមបញ្ជាក់ថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនឹងបន្តធ្វើនៅថ្ងៃនេះទៀតទើបឈានទៅបិទបញ្ចប់នៅថ្ងៃទី៦ ខែសីហា។ ក្រៅពីក្របខណ្ឌអាស៊ាន នៅថ្ងៃទី៦សីហា ប្រមុខការទូតកម្ពុជានឹងបន្តធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកម្រិតប្រមុខការទូតមេគង្គជប៉ុនជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនមួយទៀតផងដែរ៕

 

អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ក្រសួងការបរទេស

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025