ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥
ឯកអគ្គរដ្ឋទូតស៊ុយអែត បានអះអាងថា ទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយអែត នៅតែបន្តប្រព្រឹត្តទៅជាធម្មតា និងនៅតែបន្តការពង្រឹង និងពង្រីកបន្ថែមទៀត ទោះបីជាប្រទេសស៊ុយអែតសម្រេចបិទស្ថានទូត នៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២១ នេះក៏ដោយ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតស៊ុយអែត កាលពីព្រឹកថ្ងៃចន្ទនេះ។
ក្នុងជំនួបជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកមិញនេះ ឯកឧត្តម ប្យ៊ន់ ហេកម៉ាក ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជា បានឡើកឡើងពីគម្រោងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតរវាងកម្ពុជា និងស៊ុយអែត ជាពិសេសបន្ទាប់ពីស៊ុយអែតសម្រេចបិទស្ថានទូតនៅភ្នំពេញនាចុងឆ្នាំ២០២១។
បើតាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាឯកឧត្តម កុយ គួង នៅក្នុងជំនួបនោះ ឯកឧត្តម ប្យ៊ន់ ហេកម៉ាក បានគូសបញ្ជាក់ថាទំនាក់ទំនងរវាងកម្ពុជា និងស៊ុយអែតនៅតែប្រព្រឹត្តទៅជាធម្មតា ពិសេសវិស័យកសិកម្ម អប់រំ បរិស្ថាន បម្រែបម្រួលអាកាសធាតុ ទេសចរណ៍ ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ដោយការងារនេះនឹងបន្តអនុវត្តដោយការិយាល័យ និងកុងស៊ុងកិត្តិយសនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្ដែងការគាំទ្រចំពោះការបង្កើតការិយាល័យ និងកុងស៊ុលកិត្តិយសស៊ុយអែតនៅកម្ពុជា និងបានថ្លែងអំណរគុណស៊ុយអែតដែលបានផ្ដល់ជំនួយកម្ពុជាលើវិស័យអប់រំ និងការជួយដល់សាលាក្ដីខ្មែរក្រហម។ សាលាក្ដីខ្មែរក្រហមត្រូវបានឯកឧត្តមឯកអគ្គរដ្ឋទូតអះអាងថាស៊ុយអែតនឹងបន្តជួយរហូតចប់ចុងចប់ដើម។
តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ស៊ុយអែត កម្ពុជាបានទទួលជំនួយ និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ នៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ កម្ពុជាបានទទួលជំនួយពីស៊ុយអែត ប្រមាណ១២៥លានដុល្លារ សម្រាប់គម្រោងអភិបាលកិច្ច សមភាពយេនឌ័រ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបេត្យ អប់រំ ការងារ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស។
សូមបញ្ជាក់ថាស៊ុយអែតបានសម្រេចបិទស្ថានទូតនៅកម្ពុជា ដោយសារការកែសម្រួលគោលនយោបាយការបរទេសរបស់ខ្លួន ពោលគឺមិនជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយកម្ពុជានោះទេ។ ស្ថានទូតស៊ុយអែតនៅប្រទេសថៃ នឹងមានបេសកកម្មការទូតរួមទាំងនៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមផងដែរ៕
អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ សែត ប៊ុនថាន់