ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ប្រមុខការទូតកម្ពុជា និងអាមេរិក បានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ។ បើតាមក្រសួងកាបរទេស កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនោះ ប្រទេសមេគង្គនឹងអាមេរិកបានពិភាក្សាគ្នាអំពីការផ្ដល់ជំនួយ កិច្ចសហប្រតិបត្តិការប្រយុទ្ធនឹងជំងឺរាត្បាត និងទំនាក់ទំនងពាណិជ្ជកម្ម។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកាបរទេសកម្ពុជា កិច្ចប្រជុំររដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ ដឹកនាំឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកឧត្តម អេនតូនី ប្លីនខេន រដ្ឋមន្ត្រីកាបរទេសអាមេរិកនោះ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព៤ រួមមានការតភ្ជាប់សេដ្ឋកិច្ច, ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស និងការការពារបរិស្ថាន, សន្តិសុខមិនប្រពៃណី និងការអភិវឌ្ឍធនធានមនុស្ស។
រដ្ឋមន្រ្តីទាំងអស់បានគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការ រួមគ្នា ក្នុងការលុបបំបាត់ជំងឺរាតត្បាតសកលកូវីដ-១៩ ការការពារចំពោះការផ្ទុះឡើងនៅថ្ងៃអនាគត និងការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសមេគង្គបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានសន្យាផ្តល់ជំនួយ៥២លានដុល្លារអាមេរិកដល់ប្រទេសមេគង្គ។
ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ក្រសួងបានបញ្ជាក់ទៀតថាអាមេរិកបាននាំចេញនូវទំនិញ និងសេវាកម្មប្រមាណ២៦ពាន់លានដុល្លារអាមេរិក មកកាន់អនុតំបន់មេគង្គ និងនាំចូលវិញប្រមាណ៨៩,៩៤ពាន់លានដុល្លារអាមេរិកហើយថា កម្ពុជាសង្ឃឹមថា នឹងបន្តមានវិស័យឯកជនបន្ថែមទៀត ចូលមកវិនិយោគលើ វិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀត ដោយមានការគាំទ្រពីអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩ នេះ។
សូមបញ្ជាក់ថាក្រោយដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ និងអាមេរិកជាមួយឯកឧត្តម អេនតូនី ប្លីនខេននេះទៅ នៅថ្ងៃទី៦ ខែសីហាខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងបន្តធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីកាបរទេសមេគង្គជប៉ុនលើកទី១៤ជាមួយឯកឧត្តម ម៉ូតេហ្គី តូសុីមីសឹ៕