ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងបណ្ដាប្រមុខការទូតប្រទេសសមាជិកអាស៊ានផ្សេងទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក នាថ្ងៃទី១៤ ខែកក្កដានេះ។ នេះបើតាមការឱ្យដឹងពីក្រសួងកាបរទេសកម្ពុជានៅក្នុងសេចក្ដីជូនព័ត៌មាន ចេញផ្សាយនៅថ្ងៃចន្ទនេះ។
តាមការអញ្ជើញរបស់ឯកឧត្តមរដ្ឋមន្រី្តការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្ត ទៅតាមប្រព័ន្ធ វីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
បើតាមក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស អាស៊ាន និង ឯកឧត្តម អេនតូនី ប្លីនខេន រដ្ឋមន្រី្តការបរទេសអាមេរិក រំពឹងថានឹង ពិភាក្សាគ្នាអំពីអភិក្រមជាក់ស្តែង ដើម្បីពង្រឹង ទំនាក់ទំនង និងកិច្ច សហ ប្រតិបត្តិការ អាស៊ាន -សហរដ្ឋ អាមេរិក រួមទាំងលើកិច្ចប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈមបណ្តាលមកពី ការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយក៏អាចមានការពិគ្រោះយោបល់គ្នាផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាការចាប់អារម្មណ៍រួម។
ក្រសួងការបរទេស បានហៅជំនួបតាមប្រព័ន្ធវីដេអូនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាក្នុងការជំរុញបន្ថែមទៀត ភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
សូមបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងជាប្រមុខការទូតអាមេរិកក្នុងរដ្ឋការ ចូ បៃដិន ឯកឧត្តម អេនតូនី ប្លីនខេន គ្រោងជួបប្រជុំជាមួយប្រមុខការទូតអាស៊ានម្ដងរួចមកហើយ ប៉ុន្តែដោយសារបញ្ហាបច្ចេកទេសអ៊ីនធើណែតលើយន្តហោះមានបញ្ហា ក៏បានចាត់តំណាងឱ្យចូលរួមកិច្ចប្រជុំជំនួសវិញ៕
អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ឯកសារ