ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

ប្រមុខការទូតកម្ពុជា មានរបៀបវារៈសំខាន់ ៣ ក្នុងដំណើរទៅកាន់ប្រទេសចិន

០៨ មិថុនា ២០២១ | ព័ត៌មានជាតិ

តបតាមការអញ្ជើញពីឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូ ឆ្ពោះទៅសាធារណៈរដ្ឋប្រជាមានិតចិនកាលពីថ្ងៃម្សិលមិញនេះ។ នៅប្រទេសចិន ប្រមុខការទូតកម្ពុជា មានរបៀបវារៈសំខាន់យ៉ាងហោចណាស់ចំនួន៣។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។ 

 


បើតាមក្រសួងការបរទេស នៅថ្ងៃទី៧ និងទី៨ឧសភាស្អែកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេស អាស៊ាន-ចិន, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី៦ ដែលប្រារព្ធនៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។ 


កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ធ្វើឡើងចំខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិនអាស៊ាន ហើយភាគីទាំងពីរនឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីការលើកកម្ពស់បន្ថែមនូវភាពជាដៃគូ យុទ្ធ សាស្រ្ត   អាស៊ាន -ចិន ក្នុងបរិបទកូវីដ-១៩  និងបញ្ហាប្រឈម ក្នុងតំបន់ និង អន្តរជាតិ ។ 

 


សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៦ ប្រទេសមេគង្គ និងចិន នឹងវាយតម្លៃវឌ្ឍន៥ឆ្នាំកន្លងមកនៃកិច្ចសហប្រតិបត្តិការ កំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការទូលំទូលាយ ជាពិសេស ក្នុងកាលៈទេសៈកូវីដ-១៩ ព្រមទាងធ្វើឱ្យកាន់តែស៊ីជម្រៅចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិន។ 

 


ក្រៅកិច្ចប្រជុំបែបពហុភាគីខាងទាំងពីរខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបទ្វេភាគីជាមួយ ឯកឧត្តមទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ហើយគ្រោងធ្វើជាអធិបតីនៃពិធីចុះហត្ថលេខាលើឯកសារចំនួន២ គឺអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និង បច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន និងគម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា និងក្រសួងវប្បធម៌ចិន  ។ 

 


បើតាមក្រសួងការបរទេសកម្ពុជា នៅថ្ងៃចន្ទនេះ និងថ្ងៃអង្គារស្អែក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏គ្រោង នឹង មាន ជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនដោយផ្ទា ល់  ដើម្បីពង្រឹង បន្ថែម ទៀតនូវ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីផងដែរ៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ក្រសួងការបរទេស
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025