ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
មិនទាន់ដាច់ឆ្នាំចាស់ផងពិធីករល្បីឈ្មោះលោក ប៉ែន ចំរុង ទទួលបានការងារថ្មីជាបន្តបន្ទាប់នាឆ្នាំថ្មីខាងមុខ ធ្វើឱ្យលោករីកមុខរីកមាត់មិនស្ទើរឡើយ ។
ពិធីករល្បីឈ្មោះលោក ប៉ែន ចំរុង មានយីអ៊ុនខ្ពស់មិនធម្មតាទេ ព្រោះទើបតែទទួលបានការងារ ថ្មីៗជាបន្តបន្ទាប់ ជាពិសេសនៅដើមឆ្នាំ ២០២១ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ លោកមានគម្រោងការងារជាច្រើនដែលត្រូវធ្វើ ទាំងការងារសិល្បៈ និងការងាររកស៊ី ។
ជាក់ស្ដែងការងារកំពុងកាន់កាប់ក្នុងកម្មវិធី «Family Feud Cambodia » របស់ PNN ជាដើម ហើយក្នុងរដូវកាលទី ២ នេះ លោកកាន់តែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយសំនួនវោហារសាស័ព្ទមិនចេះរីងស្ងួត ដែលញុំាង ឱ្យកម្មវិធីកាន់តែសប្បាយរីករាយឡើង។
ពេលនេះកម្មវិធី «Family Feud Cambodia » រដូវកាលទី ២ ជិតឈានដល់វគ្គបញ្ចប់ហើយ ហើយក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ។ លោក ប៉ែនចំរុង ឱ្យនិយាយថា ថ្វីត្បិតតែកម្មវិធី «Family Feud Cambodia » ជិតឈានដល់វគ្គផ្តាច់ព័ត្រមែន តែនៅមានអ្វីប្លែកៗជាច្រើនដែលទស្សនិកជននឹកស្មានមិនដល់ ។
មួយរយៈពេលចុងក្រោយនេះគេចាប់អារម្មណ៍ឃើញថាពិធីកររូបសង្ហារលោក ប៉ែន ចំរុង បានផ្លាស់ប្តូរចរិតប្លែកខុសពីមុនឆ្ងាយណាស់។ ជាក់ស្តែងចាប់តាំងពីទទួលបានកូនស្រីម្នាក់ជាចំណងដៃ បានធ្វើឱ្យលោកប្រែទៅជាមនុស្សចាស់ទុំ មិនសូវលេងសើចដូចមុន សូម្បីតែលោកផ្ទាល់ក៏បានទទួលស្គាល់ចំពោះរឿងនេះផងដែរ លោកបាននិយាយថា អាយុច្រើនហើយ ហើយក៏មិនមែននៅកំលោះដូចមុនដែរ ដូច្នេះត្រូវកែប្រែងខ្លួនឯងខ្លះ ។
ជាមួយគ្នានេះផងដែរ លោក ប៉ែន ចំរុង បានបង្ហើបប្រាប់ពីគម្រោងការងារថ្មីៗរបស់ខ្លួននៅក្នុងឆ្នាំថ្មីដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះថា សម្រាប់ឆ្នាំថ្មីលោកមានអ្វីថ្មីៗជាច្រើន ទាំងការងារសិល្បៈ ការងារសង្គម និងការងារផ្ទាល់ខ្លួន ដែលនឹងធ្វើឱ្យជីវភាពខ្លួនកាន់តែរឹងមាំឡើង ។
បើទោះបីជាមានគម្រោងការងារថ្មីៗជាច្រើនក្តី តែលោក ប៉ែន ចំរុង នៅពុំទាន់ទទួលការងារថតភាពយន្តឡើងវិញនៅឡើយទេ ទោះជាមានផលិតកម្មមួយចំនួនបានទាក់ទងលោកថតរឿងដុំ និងរឿង ភាគជាបន្តបន្ទាប់ក្តី លោកតែងតែបដិសេធ ដោយលើកហេតុផលថា លោកចង់ទុកឱកាសឱ្យក្មេងៗជំនាន់ក្រោយ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា