ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ភាពយន្តចិនមានចំណងជើងថា "SHENZHOU 13" ឬ "Blue Planet Outside the Window" រៀបរាប់ពីបេសកកម្ម Shenzhou-13 ដែលបង្ហាញពីការស្នាក់នៅរបស់មនុស្សនៅឯស្ថានីយអវកាសរយៈពេលប្រាំមួយខែលើកដំបូងរបស់ប្រទេសចិន និងការដើរលើលំហអវកាសដំបូងរបស់អវកាសយានិកនារីជនជាតិចិន។
ខ្សែភាពយន្តនេះបានបង្ហាញនូវទស្សនីយភាពដ៏គួរអស្ចារ្យមិនខុសពីទិដ្ឋភាពក្នុងភាពយន្តវិទ្យាសាស្ត្រដ៏ល្បីរបស់ហូលីវូដ "2001: A Space Odyssey" នោះទេ ខណៈបានថតចេញជីវិតពិតទាំងស្រុង។
សាច់រឿងភាគច្រើនត្រូវបានដំណាលដោយអ្នកនាង Wang Yaping ជាអវកាសយានិកស្ត្រីដំបូងគេរបស់ប្រទេសចិនដែលបានធ្វើដំណើរបេសកកម្មទៅកាន់ស្ថានីយអវកាស។ ភាពយន្តឯកសារនេះបានផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកនៃភពផែនដីថតពីខាងលើចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ និងបង្ហាញពីជីវិតនៅលើស្ថានីយអវកាសផងដែរ។
ខ្សែភាពយន្ដរយៈពេល ៩០ នាទីនេះប្រើស្ទីលនិទានរឿងបែបត្រង់ៗ ដើម្បីប្រាប់ពីដំណើររឿងរបស់អវកាសយានិកទាំងបីគឺ Zhai Zhigang, Wang Yaping និង Ye Guangfu ជាមួយការពណ៌នាអំពីបទពិសោធន៍របស់ពួកគេនៅក្នុងលំហអវកាស រួមទាំងការធ្វើពិសោធន៍នានាដូចជាដើរលើលំហ លំហាត់ប្រាណ កាត់សក់ លេងឧបករណ៍តន្ត្រី ការអបអរឆ្នាំថ្មី ការបង្រៀន និងការថតវីដេអូកម្រិត 8K។
គួររំឭកថា បេសកកម្ម Shenzhou-13 បានបញ្ជូនអវកាសយានិកបីនាក់ទៅកាន់ស្ថានីយអវកាសរបស់ប្រទេសចិននៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ ហើយបានត្រឡប់មកផែនដីវិញនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២។
ក្នុងនោះ ឧបករណ៍ថតលក្ខណៈអាជីពត្រូវបានបញ្ជូនទៅកាន់ស្ថានីយអវកាសតាមរយៈយានអវកាសដឹកទំនិញ Tianzhou។ក្នុងពេលបិទបញ្ចប់ភាពយន្ត អ្នកនាង Wang រៀបរាប់ថា៖ «រឿងរ៉ាវ Shenzhou-13 ជិតចប់ហើយ ប៉ុន្តែរឿងរ៉ាវពីស្ថានីយអវកាសរបស់ប្រទេសចិនទើបតែចាប់ផ្ដើមប៉ុណ្ណោះ» ៕
ប្រែសម្រួល៖ វ៉ាន់ថន