ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ឃើញគ្រួសារគេជួបគ្នាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ តារាចម្រៀង ណាន វីសារ នឹកស្រណោះបងៗវីរកងទ័ពជួរមុខ ដែលលះបង់ក្តីសុខនៃការជួបជុំគ្រួសារនារដូវភ្ជុំបិណ្ឌ ដើម្បីការពារបន្ទាត់ព្រំដែន។
តារាចម្រៀង ណាន វីសារ បានបង្ហោះដំណឹងដ៏គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ដែលឪពុករបស់លោកបានរងបួសធ្ងន់ក្នុងសមរភូមិ ដោយសារតែត្រូវផ្សែងពុល។ ប៉ុន្តែ ពេលនេះស្ថានភាពសុខភាពឪពុកលោកប្រសើរឡើងបន្តិចហើយ និងបានត្រឡប់លេណដ្ឋាន ដើម្បីបំពេញតួនាទីការពារសុវត្ថិភាពតាមបន្ទាត់ព្រំដែន នៃខេត្តព្រះវិហារវិញហើយ។
ទោះមានការងារច្រើនក៏ វីសារ នៅតែឆ្លៀតពេលធ្វើដំណើរទៅសួរសុខទុកឪពុកជាញឹកញាប់តាមដែលអាចធ្វើទៅបាន។ ពិសេស អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌតែម្តង ដោយសារឪពុករបស់លោក និងបងប្អូនវីរៈកងទ័ពផ្សេងទៀត មានតួនាទី និងភារកិច្ចការពារតាមបន្ទាត់ព្រំដែន មិនអាចមកជួបជុំក្រុមគ្រួសារបាន។
ខណៈដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងជួបជុំគ្នាយ៉ាងសប្បាយរីករាយ នាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ដែលជាទំនៀមទម្លាប់ប្រជាជនខ្មែរតាំងពីបរមបុរាណ តារាចម្រៀង ណាន វីសារ បែរជាពោលពាក្យរៀបរាប់យ៉ាងកំសត់ស្រណោះលោកឪពុក និងវីរកងទ័ពជួរមុខឯទៀត ដែលសុខចិត្តលះបង់ក្តីសុខនៃការជួបជុំគ្រួសារនារដូវបុណ្យភ្ជុំបិណ្ឌ ដើម្បីការពារសុវត្ថិភាពតាមបន្ទាត់ព្រំដែន។
ក្នុងនាមកូនប្រុស និងជាសិល្បករខ្មែរម្នាក់ វីសារ មានមោទនភាពយ៉ាងខ្លាំង និងបានទទូចស្នើរសុំឱ្យពុកម៉ែបងប្អូនបន្តគាំទ្រមូលនិធិទ្រទ្រង់ដល់វីរៈកងទ័ពជួរមុខ ដ្បិតស្ថានភាពស្ងប់ស្ងាត់បន្តិច តែវីរកងទ័ពទាំងអស់នៅតែឈរការពារព្រំដែនយ៉ាងរឹងមាំ។
ក្រៅពីការចូលរួមជាមួយមូលនិធិផ្សេងៗ ម្ចាស់បទ «ឃាត់់ឃាំង» ក៏គ្រោងបង្កើតកម្មវិធីសប្បុរសធម៌ផ្ទាល់ខ្លួន ដើម្បីប្រមូលថវិកាជួយដល់វីរកងទ័ពជួរមុខ ដែលនៅតែត្រូវការជំនួយជាចាំបាច់។ ដូច្នេះ ទើបលោកសូមឱ្យពុកម៉ែបងប្អូនបន្តចូលរួមជួយម្នាក់បន្តិច ហើយខ្លួនលោកផ្ទាល់ក៏រក្សាជំហរធ្វើពហិការមិនប្រើប្រាស់ផលិតផលសៀមយ៉ាងដាច់អហង្កា៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច