ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
កញ្ញា ផន ស្រីពី ដែលជាម្ចាស់មកុដ Miss Cosmo Cambodia កំពុងតែពង្រឹងសមត្ថភាពកាន់តែខ្លាំងដើម្បីចូលរួមប្រកួត Miss Cosmo 2025 ដែលរៀបចំនៅ វៀតណាម នាខែវិច្ឆិកា ខាងមុខនេះ។
ចាប់តាំងពីគ្រងមកុដ Miss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី កាន់តែសកម្មក្នុងការប្រម៉ូតផ្សព្វផ្សាយពីសក្កានុពលខ្លួនឯង ដើម្បីបង្ហាញឱ្យគ្រប់គ្នា ក៏ដូចជាវេទិកាអន្តរជាតិបានឃើញពីសមត្ថភាព និងការត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតអន្តរជាតិ Miss Cosmo 2025 ដែលនឹងប្រារព្ធឡើងនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ពោរគឺរយៈពេល ៣សប្តាហ៍ពេញតែម្តង។
ស្របពេលជាមួយការត្រៀមខ្លួនសម្រាប់ការតំណាងកម្ពុជាលើឆាកអន្តរជាតិ ស្រីពី ក៏ឆ្លៀតពេលធ្វើការងារសិល្បៈផ្សេងៗ និងក្តោបបានឱកាសដើរបង្ហាញម៉ូដតាមកម្មវិធី fashion show អន្តរជាតិធំៗទៀតផង។
តួយ៉ាង ចាប់តាំងពីគ្រងមកុដមក ស្រីពី ចេញចូលប្រទេស វៀតណាម ញឹកញាប់ ពេលនេះ Miss Cosmo Cambodia 2025 បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធី New York Fashion Week 2025 Spring/Summer ’26 ជាមួយតារាស្រី និងបវរកញ្ញា ២រូបផ្សេងទៀត គឺ កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2024 និង កញ្ញា មាលា ខនស្តេនទីន (Melia Constantin)។
ការចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធី fashion show អន្តរជាតិធំៗ ជាឱកាសដ៏ល្អក្នុងច្បាមយកបទពិសោធន៍ និងការបង្កើតទំនាក់ទំនង។ មិនតែប៉ុណ្ណោះ វាជាឱកាសដ៏ល្អដែលយើងអាចបង្ហាញឱ្យគ្រប់គ្នាឃើញពីសក្កានុពលរបស់ ផន ស្រីពី មុនពេលការប្រកួតអន្តរជាតិឈានមកដល់នាចុងឆ្នាំនេះ។
បវរកញ្ញាសម្បុរទឹកឃ្មុំរូបនេះ ចាត់ទុកថា បទពិសោធន៍ដែលទទួលបានពីការដើរបង្ហាញម៉ូដលើឆាកអន្តរជាតិនានា ជាការសន្សំពិន្ទុសម្រាប់ការប្រកួត Miss Cosmo 2025 ហើយនាងនឹងធ្វើឱ្យបានល្អបំផុតដើម្បីកម្ពុជា។
ផន ស្រីពី Miss Cosmo Cambodia 2025 សង្ឃឹមថា ពុកម៉ែបងប្អូននឹងបន្តគាំទ្ររូបនាងក្នុងដំណើរឆ្ពោះទៅការប្រកួតអន្តរជាតិ Miss Cosmo 2025 ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត នៅចុងឆ្នាំ២០២៥នេះ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក