ថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥
ប្តីប្រពន្ធមួយគូ បានចាប់ដៃគ្នាប្រកបរបរច្នៃស្នែងសត្វជាផលិតផលគ្រឿងអលង្ការ និងគ្រឿងលម្អផ្សេងៗ១៧ឆ្នាំហើយ។ ត្បិតធ្លាប់គិតបោះបង់ច្រើនលើកច្រើនសារ តែចុងក្រោយទាំងពីរនាក់បានឈ្មុសឈ្មុលរហូតទីផ្សារគ្រឿងអលង្ការប្រភេទស្នែងសត្វនេះកំរើកខ្លួនដូចសព្វថ្ងៃ។
«សុមនា ផលិតផលស្នែង» ជាឈ្មោះសិប្បកម្មកែច្នៃកាកសំណល់ស្នែងសត្វឲ្យទៅជាគ្រឿងអលង្ការលម្អកាយ និងគ្រឿងលម្អផ្សេងៗទៀត។ សិប្បកម្មនេះមានទីតាំងនៅម្តុំសារមន្ទីរជើងឯក បង្កើតឡើងដោយប្តីប្រពន្ធមួយគូ គឺលោក ទ្រី សុចាន់ និងលោកស្រី គួន ចិន្តា ដែលប្តីជាអ្នកច្នៃម៉ូដនិងធ្វើ រីឯប្រពន្ធជាអ្នកលក់ផ្ទាល់។
ចក្ខុវិស័យនៃសិប្បកម្មស្នែង គឺដើម្បីជួយកាត់បន្ថយការបំពុលដោយកាកសំណល់នៅប្រទេសកម្ពុជា ដោយការច្នៃកាកសំណល់ស្នែងឲ្យទៅជាគ្រឿងលម្អផ្សេងៗ និងកាត់បន្ថយការនាំចូលផលិតផលស្នែងពីក្រៅប្រទេស ជាពិសេស ផ្តល់ការងារសម្រាប់ផ្គត់ផ្គង់ដល់គ្រួសារមួយចំនួនតូចដោយពុំចាំបាច់ធ្វើចំណាកស្រុក។
លោក ទ្រី សុចាន់ មានប្រភពជាអ្នកខេត្តព្រៃវែង បច្ចុប្បន្នកំពុងរស់រាជធានីភ្នំពេញ បានផ្តើមធ្វើផលិតផលស្នែងប្រមាណ១៧ឆ្នាំហើយ ពោលតាំងពីលោកបញ្ចប់ការរៀនសូត្រជំនាញនេះជាមួយអង្គការមួយក្នុងខេត្តព្រៃវែងនៅកំឡុងដើមទសវត្សឆ្នាំ២០០០។
ការច្នៃស្នែងសត្វឲ្យចេញជាផលិតផល មិនខុសពីជំនាញផ្សេងទៀតដែលទាមទារឲ្យមានភាពអំណត់ អត់ធ្មត់ ព្រោះទម្រាំអាចច្នៃវត្ថុធាតុដើមស្នែងឲ្យចេញជារូបរាងតាមតម្រូវការ គឺត្រូវឆ្លងកាត់ច្រើនដំណាក់កាល។
មិនមែនពិបាកតែការធ្វើនោះទេ រឿងដែលកាន់តែពិបាកសម្រាប់ផលិតផលស្នែងនៅពេលចាប់ផ្តើម គឺបញ្ហាកង្វះខាតទីផ្សារក្នុងស្រុក ដែលគាំទ្រលើផលិតផលប្រភេទនេះ ជារួមពិបាកទាំងទីតាំងទទួលលក់បន្ត និងអ្នកប្រើប្រាស់។
ច្រើនឆ្នាំកន្លងទៅ ផលិតផលស្នែង មានហាងឆេងខ្ពស់ពីអតិថិជនជនជាតិបរទេស ដោយរាល់ផលិតផលដែលធ្វើបានត្រូវផ្ញើរចេញទៅក្រៅប្រទេសជាញឹកញាប់។
ដោយសារ ផលិតផលធំ ការដឹកជញ្ជូនទៅបរទេសក៏ជារឿងពិបាកមួយទៀតដែរ នាំឲ្យលោក ទ្រី សុចាន់ ងាកមកមើលទីផ្សារក្នុងស្រុកជំនួសវិញ ដោយផ្តើមចេញពីការច្នៃស្នែងទំហំធំឲ្យមកជាតូច សមល្មមសម្រាប់ពាក់លើខ្លួនដូចគ្រឿងអលង្ការផ្លាទីន និងមាសដែរ។
បើនិយាយពីទីផ្សារគ្រឿងអលង្ការច្នៃស្នែងកាលពីទសវត្សមុន ពិតណាស់! សូម្បីតែយកទៅផ្ញើរក្នុងទូរអាជីវករលក់គ្រឿងអលង្ការទូទៅគេសឹងតែមិនយកផង ឬដាក់យូរៗទៅ គ្មានអ្នកទិញត្រូវប្រមូលយកមកវិញ។
ដោយមើលឃើញទីផ្សារលក់ចេញហាក់ងងឹតសូន្យឈឹង គួបផ្សំចិត្តអាណិតប្តីផងនោះ លោកស្រី គួន ចិន្តា ធ្លាប់ទទូចសុំឲ្យប្តីឈប់របរនេះម្តងជាពីរដង។ តែយ៉ាងណា ដោយទឹកចិត្តស្រលាញ់ដក់ជាប់អាជីពនេះជម្រុញឲ្យស្វាម៉ីដែលជាអ្នកធ្វើមិនព្រមបោះបង់ទោះមានការទទូចសុំឲ្យឈប់ពីប្រពន្ធក្តី។
«សំណាបយោងដីស្រីយោងបុរស» ពាក្យស្លោកពីបុរាណពិតជាមិនខុស ក្រោយឃើញប្តីសស្រាក់សស្រាំនិងរបរនេះ អ្នកជាប្រពន្ធបានងាយមកគាំទ្រ ហើយចេញមុខវែកផ្លូវធ្វើយ៉ាងណារកទីផ្សារឲ្យគ្រឿងអលង្ការច្នៃពីស្នែងសត្វនេះ។
ច្រើនឆ្នាំកន្លងក្រោយការខ្នាស់ខ្នែងយ៉ាងស្វិតស្វាញពីប្តីអ្នកធ្វើ និងប្រពន្ធជាអ្នកលក់ គ្រឿងអលង្ការដែលជាផលិតផលធ្វើស្នែងចាប់ផ្តើមកំរើកហើយមានគេស្គាល់ រហូតដល់ឆ្នាំ២០១៧ ពីរនាក់ប្តីប្រពន្ធបានសម្រេចបើកកន្លែងតាំងលក់ផលិតផលស្នែងនៅទីតាំងជាន់ទី៤នៃផ្សារទំនើបសូរិយាម៉ល។
ក្រោមទឹកដៃដ៏ចំណានរបស់លោក សុចាន់ ស្នែងសត្វគោ និងក្របី ត្រូវបានច្នៃចេញជាគ្រឿងអលង្ការលម្អកាយ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ក្នុងនោះរួមមាន៖ បណ្តោងខ្សែក ចញ្ចៀន ក្រវិល កងដៃ ខ្សែដៃ ក្រាស់សិតសក់ ខ្សៀរ និងស្នែងសត្វសម្រាប់តាំងលម្អផ្ទះជាដើម។
ក្នុងនាមជាអ្នកលក់ផ្ទាល់ អ្នកម្តាយកូនពីរនិយាយថា ពិតណាស់ មិនថាពីមុនឬបច្ចុបន្នការគាំទ្រពីភ្ញៀវខ្មែរមានតិច ដោយភាគច្រើនគ្រប់គ្នាថាប្លែកដែលយកស្នែងមកច្នៃជាគ្រឿងអលង្ការបែបនេះ ជាក់ស្តែងភ្ញៀវដែលនិយមគ្រឿងប្រភេទនេះជាជនជាតិបារាំង ឥឡូវមានជនជាតិចិនបន្ថែមមួយទៀត។
ស្របពេលទីផ្សារកំពុងកំរើកឡើងជាលំដាប់បុរសជាប្តី និងជាអ្នកចេះចំណេះជំនាញនេះ បានលើកឡើងពីក្តីកង្វល់មួយចំពោះអាជីពនេះ។
ខណៈកំពុងលើកឡើងពីក្តីកង្វល់ខាងលើ យុវជន កែវ ប៊ុនថន វ័យ២០ឆ្នាំ ដែលបច្ចុប្បន្នបាននឹងកំពុងធ្វើផលិតផលស្នែងសត្វនេះថា ត្បិតជំនាញនេះពិបាកតែខ្លួនស្រលាញ់ហើយក៏មានបំណងចាប់យកជារបរនៅថ្ងៃខាងមុខដែរ។
ចំណែក រតនៈ ដែលទើបមករៀនធ្វើគ្រឿងស្នែងប្រមាណជិតកន្លះឆ្នាំក៏បានរៀបរាប់យ៉ាងដូច្នេះ៖
បច្ចុប្បន្ន ផលិតផលស្នែងចាប់ផ្តើមទទួលការគាំទ្រច្រើនជាពេលកន្លង ដោយប្រជាជនចាប់ផ្តើមចាប់អារម្មណ៍ប្រើប្រាស់សម្ភារៈពីសប្បកម្មក្នុងស្រុកច្រើនជាងមុន។
សម្រាប់អ្នកមានបំណង ហើយចាប់អារម្មណ៍អាចទៅទស្សនាផ្ទាល់បាននៅកន្លែងតាំងលក់របស់ «សុមនា ផលិតផលស្នែង» នៅជាន់ទី៤ នៃផ្សារទំនើបសុរិយាម៉ល។
ចូលរួមគាំទ្រផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយកាកសំណល់ពីការប្រើប្រាស់ បង្កើនចំនូលប្រជាពលរដ្ឋ ជៀសជាងការធ្វើចំណាកស្រុក។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច