ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥
តារាសម្តែងជើងចាស់ និងជាអ្នករបាំដ៏ល្បីឈ្មោះម្នាក់អំឡុងទសវត្ស៨០អ្នកស្រី ប៉ុល ពិសី បានសម្រេចចិត្តវិលត្រឡប់មកបោះទុនសាងស្នាដៃថ្មីក្នុងវ័យ ៦០ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនគឺរឿង”ម្ចាស់ផ្ទាំងគំនូរ” ។
រឿង « ម្ចាស់ផ្ទាំងគំនូរ » ជាស្នាដៃផលិតដំបូងរបស់អ្នកស្រី ប៉ុល ពិសី ដែលជាអតីតតារាសម្តែងជើងចាស់ឆ្នើមម្នាក់ជំនាន់ឆ្នាំ១៩៨០។ បើទោះបីជារឿងនេះជោគជ័យឬមិនជោគជ័យក្នុងការដាក់បញ្ចាំងក្តី តែអ្នកស្រី មិនអស់សង្ឃឹមនោះទេ ផ្ទុយទៅវិញអ្នកស្រីនៅតែបន្តផលិតកុនជាបន្តទៀតដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនក្នុងវ័យ ៦០ ឆ្នាំ។
រឿង « ម្ចាស់ផ្ទាំងគំនូរ » ជាស្នាដៃថ្មីរបស់ផលិតកម្ម PPS ដែលមានអ្នកស្រី ប៉ុល ពិសី ជាម្ចាស់ផលិតកម្ម តែម្តង ដោយអ្នកស្រីបានចំណាយថវិការផ្ទាល់ខ្លួនរហូតដល់ទៅជាង ៥ ម៉ឺនដុល្លារដើម្បីផលិតរឿងនេះឡើងទុកជាស្នាដៃនិងជាអនុស្សាវរីយ៍ក្នុងវិស័យសិល្បៈ ។
អ្នកស្រី ប៉ុល ពិសី បានឱ្យដឹងក្នុងថ្ងៃសម្ពោធដាក់បញ្ចាំងរឿង « ម្ចាស់ផ្ទាំងគំនូរ » ជាផ្លូវការកាលពីថ្ងៃទី ០៣ ខែ កញ្ញាម្សិលមិញ នេះថា អ្នកស្រីពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលមានឱកាសបានមកសាងស្នាដៃខ្លួនក្នុងវ័យ ៦០ ឆ្នាំ ។
បើទោះបីជារឿង « ម្ចាស់ផ្ទាំងគំនូរ » ដែលជាប្រភេទរឿង ខ្មោច រន្ធត់ បុរាណ លាយសម័យទទួលបានជោគជ័យឬមិនជោគជ័យក្នុងការដាក់បញ្ចាំងក្តី តែអ្នកស្រី ប៉ុល ពិសី មិនអស់សង្ឃឹមឡើយ អ្នកស្រីនៅតែបន្តបោះទុនដើម្បីផលិតកុនជាបន្តទៀត ជាក់ស្តែងថ្មីៗនេះអ្នកស្រីបានថតរឿងចំនួន ៣ រឿងជាបន្តទៀត ។
ដោយឡែកលោក ហង្ស សុវណ្ណារ៉ា ជាអ្នកនិពន្ធ និងដឹកនាំសម្តែងរឿង « ម្ចាស់ផ្ទាំងគំនូរ » បានរៀបរាប់ប្រាប់ថា ថតរឿងនេះជួបនូវការលំបាកជាច្រើន ដោយយើងបានចំណាយពេលវេលាផលិតដល់ទៅជាងមួយឆ្នាំ តែការលំបាកនោះមិនបានធ្វើឱ្យលោកចុះចាញ់នោះទេ លោកនឹងក្រុមការងារបានតស៊ូរហូតដល់ផលិតចប់ និងបានដាក់បញ្ចាំងនៅលើរោង ភាពយន្តទៅតាមគម្រោងដែលបានគ្រោងទុក ។
លោក ហង្ស សុវណ្ណារ៉ា ថែមទាំងបានសរសើរពីស្នាដៃសំដែងរបស់អ្នកស្រី ប៉ុល ពិសី ផងដែរថា ទោះបីជាអ្នកស្រីមានវ័យច្រើនបន្តិចក្តីតែការសម្តែងរបស់អ្នកស្រីនៅតែល្អត្រូវនឹងអ្វីដែលលោកចង់បាន ។
អ្នកស្រី ប៉ុល ពិសី គឺជាអតីតតារាសម្តែងជើងចាស់ និងជាអ្នករបាំប្រពៃណីដែលមានរូបសម្រស់ស្រស់សោភា តែចាប់តាំងពីអ្នកស្រីរៀបការមានស្វាមី អ្នកស្រីក៏បានបោះបង់អាជីពនេះចោលទាំងស្រុង ជាក់ស្តែងអ្នកស្រីធ្លាប់ល្បីឈ្មោះក្នុងរឿង « ឧត្តមដួងចិត្ត » និងរឿង « ទឹកភ្នែកជ្រែកបំណង » ជាដើម ។ សម្រាប់រឿង « ម្ចាស់ផ្ទាំងគំនូរ » អ្នកស្រី ប៉ុល ពិសី ក៏ចូលរួមសម្តែងផ្ទាល់រូមជាមួយសិល្បករក្មេងចាស់ប្រមាណជាង ៥០ នាក់ផងដែរ អ្នកស្រីបានលើកឡើងថា អ្នកស្រីពិតជានឹករលឹកការសម្តែងខ្លាំងណាស់ក្រោយពីអាក់ខានអស់ពេលជាច្រើនឆ្នាំ អ្នកស្រីនឹងខំប្រឹងតស៊ូសាងស្នាដៃក្នុងវិស័យសិល្បៈឡើងវិញ ទោះបីជាពេលនេះអ្នកស្រីមានវ័យច្រើនយ៉ាងណាក្តី ។
គួរបញ្ជាក់ផងដែរថា រឿង « ម្ចាស់ផ្ទាំងគំនូរ » ដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃនេះតទៅនៅគ្រប់រោងភាពយន្តក្នុងទីក្រុង ភ្នំពេញ ទាំងម្ចាស់ផលិតកម្មនិងអ្នកដឹកនាំរឿង អំពាវនាវសូមឱ្យទស្សនិកជនចូលរួមគាំទ្រស្នាដៃថ្មីរបស់ខ្លួនឱ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យភាពយន្ត ខ្មែរ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា