ថ្ងៃច័ន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥
អភិបាលក្រុងនៃប្រទេសម៉ិកស៊ីកូ លោកស្រីដានីញែល.ហ្គួទារ៉េស.ពេណា (Daniel Gutierrez Pena) ទើបតែរៀបចំពិធីដ៏ពិសេសមួយគឺរៀបការកូនក្រពើមួយក្បាលកាលពីថ្ងៃចន្ទ។ នេះជាផ្នែកមួយនៃពិធីបុណ្យតាមទំនៀមទម្លាប់របស់ស្រុកភូមិនៅទីនេះគេរៀបចំបែបនេះដើម្បីបន់ស្រន់សូមសេចក្ដីចម្រុងចម្រើន និងសម្បូរសប្បាយនៅក្នុងស្រុកភូមិរបស់គេ។
ពិធីនេះត្រូវបានរៀបចំរយៈពេលជាង២៣០ឆ្នាំកន្លងមកហើយ និងជាតំណាងឲ្យការរួបរួមគ្នានៃជនជាតិហួវេស (Huaves) និងចុនតាឡេស (Chontales)។ លោកស្រីអភិបាលក្រុងតំណាងឲ្យស្ដេចនៃជនជាតិចុនតាល់ (Chontal) រៀបអភិសេកឧបកិច្ចជាមួយសត្វក្រពើតំណាងឲ្យជនជាតិហួវេដែលគេប្រសិទ្ធនាមថាព្រះនាងតូច។ លោកស្រីថ្លែងថាទំនៀមទម្លាប់រៀបការនេះជាការរំលេចឲ្យឃើញការប្រសិទ្ធពរជ័យពីសំណាក់អ្នកមានបុណ្យរបស់យើងចំពោះជនជាតិចុនតាឡេស។
លោកស្រីយល់ថានេះជាពិធីមានតែ១គត់នៅលើពិភពលោកដែលរួមបញ្ចូលនូវជនជាតិ២ឲ្យទៅជាតែមួយ។ យោងតាមទំនៀមទម្លាប់នេះ ការរៀបអភិសេករបស់ស្ដេចជនជាតិចុនតាល់ដែលមានលោកស្រីអភិបាលក្រុងជាតំណាង ជាមួយព្រះនាងហួវេដែលមានសត្វក្រពើជាតំណាងជាការផ្សះផ្សាគ្នារវាងជាតិសាសន៍២ដើម្បីឲ្យពួកគេឈប់ទាស់ទែងគ្នាតទៅទៀត។
លោកចៃមី.សារ៉ាតេ (Jaime Zarate)ជាអ្នកកត់ត្រាពង្សាវតាប្រាប់ថាជនជាតិហួវេសបានមករួបរួមជាមួយអ្នកមានបុណ្យរបស់យើងដែលតំណាងដោយលោកស្រីអភិបាលក្រុង។ កូនក្រមុំជាបុត្រីស្ដេចជនជាតិហួវេស និងម៉ារេណូស (Marenos)។
តាំងពីព្រឹកព្រលឹមនៃថ្ងៃរៀបការឧបកិច្ចនោះ គេបាននាំយកកូនក្រពើឆ្លងពីផ្ទះមួយទៅផ្ទះមួយ និងរុំក្រណាត់ពណ៌សជាឈុតមង្គលការ។ បន្ទាប់ពីចប់ពិធីមង្គលការនោះ, គូស្វាមី-ភរិយាទាំង២រាំតាមបទភ្លេងប្រពៃណី។ បន្ទាប់មកថើបគ្នាជាចំណងដៃអាពាហ៍ពិពាហ៍៕
ប្រែសម្រួល៖ អន សំអាង