ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

Emma Watson ត្រូវតុលាការដកសិទ្ធិបើកបរក្រោយបើកឡានហួសលើសល្បឿនកំណត់

១៧ កក្កដា ២០២៥ | កម្សាន្ដ

 

តារាសម្ដែងតួឯកស្រី “Harry Potter” Emma Watson ត្រូវតុលាការសម្រេចដកសិទ្ធិបើកបររយៈពេល ៦ ខែ បន្ទាប់ពីការបើកឡានហួសលើសល្បឿនកំណត់កាលពីឆ្នាំមុន។តារាសម្តែងល្បីអង់គ្លេស Emma Watson ត្រូវបានតុលាការសម្រេចហាមឃាត់មិនឱ្យបើកបររយៈពេលប្រាំមួយខែសម្រាប់ការបើកបរលើសល្បឿនកំណត់។ នេះបើផ្អែកតាម តុលាការអង់គ្លេសបានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី១៦ ខែកក្កដា។

 


តារាសម្ដែងដែលគេស្គាល់ច្រើនសម្រាប់ការសម្ដែងក្នុងស៊េរីរឿង "Harry Potter" និង “Beauty and the Beast” ត្រូវប៉ូលិសចាប់បានថាបានបើកបររថយន្ត Audi ពណ៌ខៀវក្នុងល្បឿន ៣៨ ម៉ាយក្នុងមួយម៉ោង ក្នុងតំបន់ Oxford ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស ដែលមានការកំណត់ល្បឿនត្រឹម ៣០ ម៉ាយ ឬស្មើនឹង ៤៨ គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីល្ងាចថ្ងៃទី ៣១ ខែកក្កដាឆ្នាំមុន។

 


បន្ថែមពីនេះ តារាសម្ដែងវ័យ ៣៥ ឆ្នាំ ដែលបាននិងកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Oxford University តាំងពីខែកញ្ញា ឆ្នាំ២០២៣ រូបនេះក៏ត្រូវបានតុលាការបញ្ជាឱ្យបង់ប្រាក់ពិន័យចំនួន ១៤០០ ដុល្លារអាមេរិកទៀតផងដែរ។

 

 

ក្នុងអំឡុងពេលសវនាការ នាងមិនបានចូលរួមនោះទេ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ពិន្ទុលើប័ណ្ណបើកបររបស់ Watson នៅសល់ចំនួន ៩ មុនពេលការចោទប្រកាន់លើការបើកបរលើសល្បឿននេះ ។

 


គួរបញ្ជាក់ថា Watson មិនមែនជាតារា "Harry Potter" តែម្នាក់នោះទេដែលត្រូវបានចោទប្រកាន់ពីបទបើកបរលើសល្បឿនកំណត់កាលពីថ្ងៃពុធ ដោយតារាសម្ដែងរឿងនេះរូបទៀតគឺតារាវ័យ ៧៦ ឆ្នាំ Zoe Wanamaker ក៏ត្រូវបានដកហូតសិទ្ធិមិនឱ្យបើកបររយៈពេលប្រាំមួយខែ ក្នុងថ្ងៃជាមួយគ្នាដែរ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025