ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ប្រទេសចិន បានចុះបញ្ជីរថយន្តអគ្គិសនីថ្មី ចំនួន ៥លាន ៦សែនគ្រឿង នៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២៥ ដែលមានការកើនឡើងជិត ២៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិ CCTV នៅថ្ងៃនេះ។
ទិន្នន័យផ្លូវការចុងក្រោយដែលចេញផ្សាយដោយ ក្រសួងសន្តិសុខសាធារណៈចិន បានបង្ហាញថា ចិន បានចុះបញ្ជីរថយន្តអគ្គិសនីថ្មី ចំនួន ៥លាន ៦សែនគ្រឿង នៅក្នុងឆមាសទី ១ ដែលតួលេខនេះ តំណាងឱ្យការចុះបញ្ជីប្រចាំឆមាសខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសចិន។
ជាក់ស្តែងការចុះបញ្ជីរថយន្តអគ្គិសនី មានចំនួន ៤៥% នៃការចុះបញ្ជីរថយន្តថ្មីទាំងអស់ ក្នុងរយៈពេល៦ខែ ដែលបង្ហាញពីការបង្កើនល្បឿននៃ ការផ្លាស់ប្តូរថាមពលស្អាតរបស់ប្រទេសចិន នៅក្នុងវិស័យដឹកជញ្ជូន។
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២៥ ភាពជាម្ចាស់យានយន្តសរុបទូទាំងប្រទេសចិន បានកើនឡើងដល់ ៤៦០លានគ្រឿង ជាមួយនឹងការប្រើប្រាស់រថយន្តអគ្គិសនី កើនឡើងដល់ ៣៦លានគ្រឿង ស្មើនឹង ១០% នៃចំនួនរថយន្តសរុបរបស់ប្រទេសចិន។
ចាប់ពីខែមករា ដល់ខែមិថុនា រថយន្តអគ្គិសនី ដែលប្រើប្រាស់ថាមពលអាគុយសុទ្ធ នៅតែជាកម្លាំងលេចធ្លោនៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិន ដែលមានចំនួនសរុបជាង ២៥លានគ្រឿង និងស្មើនឹង ៦៩% នៃរថយន្តថាមពលថ្មីទាំងអស់៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ