ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
នៅថ្ងៃនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញពីមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជា ខណៈមុខទំនិញផ្សេងទៀតដែលមិនមែនជា កម្មវត្ថុនៃការហាមឃាត់ការនាំចូល គឺអាចបន្តនាំចូលបានជាធម្មតា។នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញពីមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជា រួមមាន (ក.) បន្លែ និងផ្លែឈើ និង (ខ.) ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ (ប្រេងសាំង, ប្រេងម៉ាស៊ូត, ឧស្ម័នរាវសម្រាប់ដុត (LPG) និង (LNG), ប្រេងខ្មៅ, និង ប្រេងសាំងយន្តហោះ (Jet-A1)។
ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញក្នុងចំណុច ក និង ខ ខាងលើ មិនមែនជាកម្មវត្ថុនៃការ ហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។
ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករ អាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។
បន្ថែមលើ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូន អាជីវករ/ពាណិជ្ជករ ធុរជននិង សាធារណជនអំពី ស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹង វិធានការខាងលើនេះ។ អាស្រ័យហេតុនេះ សូម អាជីវករ/ពាណិជ្ជករ ធុរជន និងសាធារណជន មេត្តាជ្រាប និងចូលរួមអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។
គួររម្លឹកផងដែរថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៥នេះ កម្ពុជា ប្រមូលបាននូវចំណូលពន្ធគយប្រមាណ ១ពាន់ ៤រយលានដុល្លារអាមេរិក ដែលស្មើនឹង ៥៨% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយតួលេខនេះ មានការកើនឡើង ២១% ធៀបនឹងឆមាសទី ១ ឆ្នាំ ២០២៤៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ