ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

សហរដ្ឋអាមេរិក ទម្លាក់ពន្ធគយលើប្រទេសឥណ្ឌូនេស៊ី មកត្រឹម ១៩%

១៧ កក្កដា ២០២៥ | សេដ្ឋកិច្ច

 

នៅថ្ងៃនេះ សហរដ្ឋអាមេរិក បានប្រកាសដំឡើងបន្ថយពន្ធគយលើ ប្រទេសឥណ្ឌូនេស៊ី មកត្រឹម ១៩% ដែលធ្លាក់ចុះពី ៣២% ក្រោមលក្ខខណ្ឌចរចាថ្មីរវាងប្រទេសទាំង ២។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ១៩% លើទំនិញពីប្រទេសឥណ្ឌូនេស៊ី ក្រោមកិច្ចព្រមព្រៀងថ្មីមួយជាមួយប្រទេសនេះ ហើយបាននិយាយថាកិច្ចព្រមព្រៀងជាច្រើនទៀត ក៏កំពុងដំណើរការ។

 


កិច្ចព្រមព្រៀងរវាង ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក គឺស្ថិតក្នុងចំណោមការចរចានិងដាក់សម្ពាធ ដោយរដ្ឋបាលលោកដូណាល់ ត្រាំ នៅមុនថ្ងៃផុតកំណត់នៅថ្ងៃទី ១ ខែសីហា សម្រាប់ពន្ធគយលើ ការនាំចូលភាគច្រើនរបស់សហរដ្ឋអាមេរិក ចូលជាធរមាន។

 


លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងឥណ្ឌូនេស៊ី ដែលមានភាពរកាំរកូសនេះ គឺស្រដៀងនឹង កិច្ចព្រមព្រៀង ដែលបានដាក់សម្ពាធលើ វៀតណាម នាពេលថ្មីៗនេះ ជាមួយនឹងពន្ធលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ប្រហែល ២០% ហើយមិនមានការយកពន្ធលើ ការនាំចេញរបស់អាមេរិក ទៅកាន់ឥណ្ឌូនេស៊ីឡើយ។

 


លើសពីនេះ វាក៏រួមបញ្ចូលនូវ អត្រាពិន័យសម្រាប់ការបញ្ជូនទំនិញពី ប្រទេសចិន តាមរយៈប្រទេសឥណ្ឌូនេស៊ី និងការប្តេជ្ញាចិត្តរបស់ឥណ្ឌូនេស៊ី ក្នុងការទិញទំនិញមួយចំនួនរបស់សហរដ្ឋអាមេរិក។

 


លោកដូណាល់ ត្រាំ ក៏បានបង្ហោះនៅលើវេទិកាសង្គមថា ប្រទេសឥណ្ឌូនេស៊ី បានយល់ព្រមទិញផលិតផលថាមពលចំនួន ១៥ពាន់លានដុល្លារអាមេរិក ផលិតផលកសិកម្មអាមេរិកចំនួន ៤,៥ពាន់លានដុល្លារ និងយន្តហោះ Boeing ចំនួន ៥០គ្រឿង ទោះបីជាមិនមានពេលវេលាជាក់លាក់សម្រាប់ការទិញក៏ដោយ។

 


ជាចុងក្រោយ អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏បានបញ្ជាក់ថា ការសម្រេចការចរចានេះ គឺជា ការតស៊ូមិនធម្មតានោះទេ ដោយប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto ក៏បានទាក់ទងតាមទូរស័ព្ទដោយផ្ទាល់ជាមួយ លោកដូណាល់ ត្រាំ ខណៈលក្ខខណ្ឌនៃកិច្ចព្រមព្រៀងលម្អិត នឹងត្រូវបានបង្ហាញនាពេលក្រោយ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025