ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង ៥,៣% នៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២៥ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា GDP របស់ប្រទេសចិន បានឈានដល់ ៩,២ទ្រីលានដុល្លារ ក្នុងអំឡុងពេល ៦ខែនេះ បានកើនឡើង ៥,៣% ដោយបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏ដូចជាភាពធន់ និងភាពរឹងមាំនៃសេដ្ឋកិច្ច។ បើគិតក្នុងត្រីមាស GDP របស់ចិន បានកើនឡើង ៥,៤% នៅក្នុងត្រីមាសទី ១ និង ៥,២% នៅក្នុងត្រីមាសទី ២។
អ្នកជំនាញលើកឡើងថា គោលនយោបាយម៉ាក្រូដែលសកម្ម និងមានប្រសិទ្ធភាព បានចូលជាធរមាននៅក្នុងឆមាសទី ១ នៃឆ្នាំនេះ ដែលអនុញ្ញាតឱ្យសេដ្ឋកិច្ចចិន មានការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងកើនឡើងប្រកបដោយនិរន្តរភាព បង្ហាញពីភាពធន់ និងថាមពលខ្លាំង។លើសពីនេះ GDP របស់ប្រទេសចិនបានកើនឡើង ៥% កាលពីឆ្នាំមុន ហើយប្រទេសនេះ បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ខ្លួន នៅប្រហែល ៥% សម្រាប់ឆ្នាំ ២០២៥។
របាយការណ៍ស្រាវជ្រាវរបស់ស្ថាប័នហិរញ្ញវត្ថុធំៗ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានបង្ហាញពីភាពធន់ និងសក្ដានុពលគួរឱ្យកត់សម្គាល់ នៅទូទាំងវិស័យផ្សេងៗ ដោយសារការគាំទ្រគោលនយោបាយ សក្ដានុពលទីផ្សារ និងការផ្លាស់ប្តូរឧស្សាហកម្មដែលកំពុងបន្ត។សូមជម្រាបថា ស្ថាប័នហិរញ្ញវត្ថុបរទេសជាទូទៅ យល់ស្របថា ការបន្តការគាំទ្រគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នឹងដើរតួជាវិជ្ជមានក្នុងការជំរុញ និងពង្រីកសេដ្ឋកិច្ចរបស់ប្រទេសចិន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ