ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមមានបំណងនាំចេញគ្រាប់ស្វាយចន្ទីមានតម្លៃ ៤,៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំនេះ កើនឡើង ២% ធៀបនឹងឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។ នៅក្នុងឆមាសទី ១នេះ វៀតណាមនាំចេញគ្រាប់ស្វាយចន្ទីសរុប ចំនួន ៣៤ម៉ឺនតោន ដែលមានតម្លៃ ២,៣ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២% នៅក្នុងបរិមាណ ប៉ុន្តែបានកើនឡើង ២០% នៅក្នុងតម្លៃ បើធៀបនឹងឆ្នាំមុន។
ការកើនឡើងនៃតម្លៃនាំចេញ គឺជួយទូទាត់បរិមាណដែលទាប អំឡុងពេល ៦ខែនេះ។ចំពោះតម្លៃនាំចេញជាមធ្យម មានចំនួនជាង ៦ពាន់ ៨រយដុល្លារក្នុងមួយតោន កើនឡើង ២៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤
។ជាក់ស្តែង ប្រទេសចិន សហរដ្ឋអាមេរិក និងហូឡង់ នៅតែជាអ្នកទិញគ្រាប់ស្វាយចន្ទីកំពូលទាំង ៣ របស់វៀតណាម ដោយចិន កាន់កាប់ចំណែក ២២%, អាមេរិក ២១% និងហូឡង់ ៨% នៃតម្លៃនាំចេញសរុប។
ដើម្បីសម្រេចបានគោលដៅ វិស័យនេះ ត្រូវតែរកចំណូលបានប្រហែល ២,២ពាន់លានដុល្លារនៅក្នុងឆមាសទី ២ ហើយក្រសួងកំពុងអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលទៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដែលមានតម្រូវការខ្លាំង រួមទាំង អារ៉ាប់ និងអារ៉ាប៊ីសាអូឌីតផងដែរ។ទន្ទឹមគ្នានេះ ការនាំចេញទៅកាន់សហភាពអឺរ៉ុប ក៏បានបង្ហាញពីកំណើនជាប់លាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
សមាគមស្វាយចន្ទីវៀតណាម បានព្យាករណ៍ថា ទីផ្សារគ្រាប់ស្វាយចន្ទីនៅលើពិភពលោក នឹងកើនឡើងក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ ៤% ចន្លោះឆ្នាំ ២០២២ និងឆ្នាំ ២០២៧។គួររម្លឹកថា កាលពីឆ្នាំមុន វៀតណាម បាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៧៣ម៉ឺនតោន ដែលរកចំណូលបាន ៤,៣ពាន់លានដុល្លារ កើនឡើង ២០% ធៀបនឹងឆ្នាំ ២០២៣៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ