ថ្ងៃច័ន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥
ថ្មីៗនេះ បន្ទាប់ពីទឹកនៅបឹងសិប្បនិម្មិតយូតាន (Yutan) នៃទីក្រុងឆុងជីង (Chongqing) ប្រទេសចិនចាប់ផ្ដើមស្រកខ្លះធ្វើឲ្យលេចចេញរូបបដិមាព្រះពុទ្ធដែលបន្សល់ទុកតាំងពីសម័យរាជវង្សសុង។ នេះជាពន្លឺថ្មី១ទៀតសម្រាប់ការសិក្សាស្វែងយល់អំពីប្រវត្តិសិល្បៈសាសនានៅប្រទេសចិនសម័យបុរាណ។នេះជាប្រភេទចម្លាក់នៅលើផ្ទាំងសិលាដែលមានផ្ទៃមុខកាត់កម្ពស់បីម៉ែត្រ និងបណ្ដោយ៦ម៉ែត្រ។
ជាសរុប មានរូបចម្លាក់ព្រះពុទ្ធ២៧អង្គ។ ចាប់តាំងពីដើមរដូវផ្ការីកឆ្នាំនេះ សង្កាត់ដាជូ (Dazu) ទទួលបានរបបទឹកភ្លៀងតិចជាងធម្មតា។ ចំណែកកម្ពស់ទឹកនៅបឹងសិប្បនិម្មិតយូតានក៏ស្រកអស់សន្ធឹក។ ហេតុនេះ ក៏លេចចេញរូបចម្លាក់ព្រះពុទ្ធតែម្ដង។ ខាងលើនេះជាប្រសាសន៍របស់លោកតេង.ជីពីង (Deng Qibing) ជាអ្នកស្រាវជ្រាវអំពីចម្លាក់នៅលើផ្ទាំងថ្មនៃសង្កាត់ដាជូ។
យោងតាមការបង្ហើបឲ្យដឹងពីក្រុមអ្នកស្រាវជ្រាវ ចម្លាក់ទាំងនេះក៏រួមបញ្ចូលទាំងរឿងពាក់ព័ន្ធនឹងសាសនាដូចជាព្រះពោធិសត្វ និងការសម្ដែងព្រះធម៌របស់ព្រះសក្យមុនីជាដើម។ ទាំងនេះត្រូវគេចាត់ទុកថាជាទម្រង់សិល្បៈចម្លាក់ព្រះពុទ្ធរូបនៅលើផ្ទាំងសិលានៅរជ្ជកាលសុងចន្លោះពីឆ្នាំ៩៦០-១២៧៩។ រូបចម្លាក់ទាំងនេះក៏បង្ហាញពីការធ្វើកិច្ចការដោយផ្ចិតផ្ចង់អស់ពីចិត្តពីថ្លើម និងរូបរបស់បរិស័ទដូចជាការលុតជង្គង់ថ្វាយបង្គំ, រូបមួយជំហរខ្លួន និងមនុស្សរែករបស់ផ្សេងៗជាដើម។
នេះជាការច្របល់ចូលគ្នានូវការពិពណ៌នាពីជីវិតនៅក្នុងសង្គម និងជំនឿទៅលើព្រះពុទ្ធជាម្ចាស់កាលពីសម័យរាជវង្សសុង។ លោកតេង.ជីពីងថ្លែងថាដំណើររឿងដែលរៀបរាប់តាមរយៈរូបចម្លាក់នេះជាទិដ្ឋភាពដែលកើតមានជាញឹកញាប់បំផុតនៅក្នុងទម្រង់សិល្បៈបែបព្រះពុទ្ធសាសនាសម័យរាជការសុងនៅសង្កាត់ដាជូ។
របកគំហើញនេះមិនត្រឹមតែជួយបង្កើនចំនួនរូបចម្លាក់នៅលើផ្ទាំងសិលានៅដាជូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់សារៈសំខាន់សម្រាប់ការសិក្សាអំពីចលនាវិវត្តរបស់ព្រះពោធិសត្វ និងតួអង្គហារិតិនៅក្នុងសាសនាបាស៊ូ (Bashu) ដែលកើតឡើងនៅខេត្តស៊ីឈាន់ និងទីក្រុងឆុងជីង៕
ប្រែសម្រួល៖ អន សំអាង