ថ្ងៃច័ន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥

កោះតៃវ៉ាន់បានរៀបចំពិធីតាំងពិព័រណ៍ម្ហូបអាហារដ៏គួរឱ្យរអើមជាលើកដំបូងនៅតំបន់អាស៊ី

២១ កក្កដា ២០២៥ | កម្សាន្ដ

កោះតៃវ៉ាន់បានរៀបចំពិធីតាំងពិព័រណ៍ម្ហូបអាហារដ៏គួរឱ្យរអើមជាលើកដំបូងនៅតំបន់អាស៊ីដោយបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវជាតិ និងអន្តរជាតិជាខ្លាំង។

 


សួនវប្បធម៌ និងច្នៃប្រឌិតសុងសាន (Songshan) នៅក្នុងទីក្រុងតៃប៉ិរបស់កោះតៃវ៉ាន់បានរៀបចំពិធីតាំងពិព័រណ៍ដ៏ចម្លែកមួយដែលគេហៅថា«សារមន្ទីរម្ហូបអាហារដ៏គួរឱ្យរអើម»ជាលើកដំបូងនៅលើកោះមួយនេះក៏ដូចជាលើកដំបូងសម្រាប់តំបន់អាស៊ីទាំងមូលផងដែរ ដោយគេបានដាក់តាំងអាហារធម្មតា និងប្លែកៗដ៏គួរឱ្យរអើមជាច្រើនរហូតដល់ចំនួន៨៥មុខមកពីប្រទេសចំនួន៣៥នៅជុំវិញពិភពលោក។ 

 


រូបភាពបានបង្ហាញអំពីអាហារមួយចំនួនដែលបានគេដាក់តាំងនៅក្នុងទូកញ្ចក់ដែលមើលទៅដូចជាមិនគួរឱ្យហូបទាល់តែសោះដូចជាសាច់មាន់ ប្រចៀវក្រៀម កង្កែបក្រៀម អណ្ដើក ដង្កូវ ស៊ុត១០០ឆ្នាំ និងតៅហ៊ូស្អុយដ៏ល្បីល្បាញរបស់តៃវ៉ាន់ព្រមទាំងគ្រឿងទេសដ៏ចម្លែកៗផ្សេងៗទៀតផងដែរ។

 


នៅសារមន្ទីរនេះ ក៏បានត្រៀមអាហារខ្លះសម្រាប់ឱ្យភ្ញៀវភ្លក់រសជាតិលមើលផងដែរជាពិសេសគឺសត្វល្អិតលីង ឬបំពងដូចជាដង្កូវជាដើម។ នាង លីវ (Liu) ជាភ្ញៀវម្នាក់មកពីឧស្សាហកម្មសេវាកម្មបានចែករំលែកថា វាមើលទៅគួរឱ្យខ្លាចមែន ប៉ុន្តែវាពិតជាមានរសជាតិឆ្ងាញ់ខ្លាំងណាស់។ បច្ចុប្បន្ន នាងកំពុងរៀនញ៉ាំអាហាររបស់ប្រទេសស៊ុយអែតម្យ៉ាងដែលស្រដៀងនឹងប្រហុកខ្មែរ។

 


ការតាំងពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនា ដែលចង់ដឹងចង់ឃើញអាហារដ៏គួរឱ្យរអើមទាំងនេះជាខ្លាំង និងចង់ដឹងអំពីប្រភពដើមនៃមុខម្ហូបនីមួយៗទៀតផង។ នាង លីវ បាននិយាយថា ដំបូងឡើយ សត្វល្អិតឬដុកឌឿមើលទៅគួរឱ្យខ្លាច ប៉ុន្តែពួកវាពិតជាមានក្លិនឆ្ងុយដូចម្ហូបចៀនដែរ ហើយរសជាតិគឺស្រួយស្រឹបដូចនំប៉័ងដុត គឺមិនទន់ជ្រាយនោះឡើយ៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025