ថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥
តារារ៉េបអាមេរិក Megan Thee Stallion បានបញ្ជាក់ប្រាប់សារព័ត៌មានពីទំនាក់ទំនងស្នេហាជាមួយកីឡាករបាល់បោះអាមេរិក Klay Thompson កាលពីពេលថ្មីៗនេះ។តារាចម្រៀងរ៉េបវ័យ ៣០ ឆ្នាំ Megan Thee Stallion បាននិយាយនៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗមួយជាមួយសារព័ត៌មាន Page Six ថាកីឡាករបាល់បោះ Klay Thompson គឺជា ស្នេហាដំបូងរបស់នាង ហើយនាងមិនដែលបានជួបមនុស្សល្អបែបនេះឡើយ ខណៈដែលលោកអាចធ្វើឱ្យនាងសប្បាយចិត្តយ៉ាងពិតប្រាកដ។
គូស្នេហ៍មួយគូនេះបានបង្ហាញខ្លួនជាលើកដំបូងលើកម្រាលព្រំក្រហមនៅឯពិធីសម្ពោធមូលនិធិ Pete & Thomas Foundation ក្នុងទីក្រុងញូវយ៉ក ដែលជាកម្មវិធីសប្បុរសធម៌របស់តារាចម្រៀងរ៉េបរូបនេះដើម្បីគាំទ្រស្ត្រី កុមារ ពលរដ្ឋវ័យចំណាស់ និងសហគមន៍ក្រីក្រនៅរដ្ឋតិចសាស់ និងទូទាំងពិភពលោក។
ពាក្យចចាមអារ៉ាមទាក់ទងនឹងស្នេហារបស់អ្នកទាំងពីរចាប់ផ្ដើមលេចឡើងនៅដើមខែកក្កដានេះ នៅពេលដែល Megan បានបង្ហោះរូបភាពនៅលើ Instagram ហើយអ្នកគាំទ្រនាំគ្នាទាយថា Thompson ជាមនុស្សដែលនៅពីក្រោយនាង។ ក្រោយមកកីឡាករ Thompson ក៏បានបង្ហោះរូបភាពជាច្រើន រួមទាំងរូបដែលលោកថើប Megan មួយសន្លឹកផងដែរ។
ជាម្ចាស់ជ័យលាភី Grammy ចំនួន ៣ តារារ៉េប Megan Thee Stallion ត្រូវបានស្គាល់ច្រើនតាមរយៈបទចម្រៀង “WAP” ដែលសហការជាមួយតារារ៉េប Cardi B, បទ “Savage Remix” សហការជាមួយកំពូលតារាចម្រៀង Beyonce និងបទ “Butter” ជាមួយក្រុមចម្រៀងកូរ៉េ BTS ជាដើម។ ចំណែក Thompson គឺជាកីឡាករបាល់បោះជម្រើសជាតិ និងជាជើងឯក NBA បួនសម័យកាល ៕
ប្រែសម្រួល៖ វ៉ាន់ថន