ថ្ងៃអង្គារ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៥

មនុស្សគ្រប់ជំនាន់ប្រមូលផ្ដុំគ្នាបង្កើតកំណត់ត្រាសម្រាប់ការកូតវីយូឡុងជុំគ្នាដ៏ដ៏បំផុតលើពិភពលោក

២១ កក្កដា ២០២៥ | កម្សាន្ដ

អ្នកកូតវីយូឡង់គ្រប់វ័យចំនួនជាង១ពាន់នាក់បានប្រមូលផ្ដុំគ្នានៅទីក្រុងរ៉េកលីងហូសេននៅប្រទេសអាល្លឺម៉ង់ដើម្បីបំបែកកំណត់ត្រាសម្រាប់ការកូតវីយូឡុងជុំគ្នាដ៏ច្រើនបំផុតនៅលើពិភពលោក។

 


ក្រុមអ្នករៀបចំកម្មវិធីកូតវីយូឡុងបាននិយាយថា តន្ត្រីករចំនួន១៣៥៣នាក់បានពុះពារទឹកភ្លៀង ខណៈពួកគេបានប្រមូលផ្ដុំគ្នានៅក្នុងបរិវេណសាលាក្រុងរ៉េកលីងហូសេននៃប្រទេសអាល្លឺម៉ង់កាលពីដើមខែកក្កដាដើម្បីបង្កើតវង់តន្រ្តីកូតវីយូឡុងដ៏ធំបំផុតនៅលើពិភពលោក។

 


លោក រ៉ាស្មឹស រ៉ូសម៉ាន់ (Rasmus Baumann) នាយកតន្ត្រីទូទៅនៃក្រុមតន្ត្រីវីយូឡុងមួយដែលបានដឹកនាំព្រឹត្តិការណ៍នេះបាននិយាយថា វាគឺជាការប្រមូលផ្ដុំគ្នាសម្រាប់ការកូតវីយូឡុងដ៏ធំបំផុតដោយទទួលបានការបំបែកកំណត់ត្រាពិភពលោក ហើយការរៀបចំព្រឹត្តិការណ៍នេះគឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនៅក្នុងសង្គមមនុស្សជាតិទូទៅ។

 


បើយោងតាមគេហទំព័រផ្លូវការរបស់កំណត់ត្រាពិភពលោកហ្គីណេសបានបង្ហាញថា កំណត់ត្រាកាលពីលើកមុនត្រូវបានផ្ដល់ទៅឱ្យទីក្រុងហុងកុងនៅឆ្នាំ២០១៨ដោយតន្ត្រីករគ្រប់វ័យចំនួន១០២១នាក់បានប្រមូលផ្ដុំគ្នានៅក្នុងការបង្ហាញនៃការកូតវីយូឡុងដ៏ច្រើនបំផុត។

 


លោក រ៉ូទើ កូតហ្កេន (Rueter Koettgen) បាននិយាយថា កាលពី៧០ឆ្នាំមុននៅក្នុងវង់តន្រ្តីរបស់សាលានេះគឺមិនអ្នកចូលរួមច្រើនបែបនេះទេ ប៉ុន្តែឥឡូវនេះមានតន្ត្រីករវីយូឡុងចូលរួមជាច្រើនដែលធ្វើឱ្យគាត់រីករាយជាខ្លាំងចំពោះទិដ្ឋភាពបែបនេះ ហើយលោកក៏បានអរគុណចំពោះអ្នកចូលរួមផងដែរ។

 


អ្នកចូលរួមវ័យក្មេងគឺនាង ល្វីសា (Louisa) បានពណ៌នាព្រឹត្តិការណ៍នេះថាពិតជាអស្ចារ្យណាស់ ខណៈដែលក្រុមគ្រួសាររបស់នាងបានសម្តែងមោទកភាពជាខ្លាំងដែលបានរួមចំណែកនៅក្នុងគំនិតផ្តួចផ្តើមនេះដ៏រីករាយ និងល្អអស្ចារ្យមួយនេះ៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025