ថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥
ទោះបីជាស្រលាញ់ការសម្តែង និងការតែងនិពន្ធភាពយន្តខ្លាំងប៉ុណ្ណាក៏ដោយ ក៏សិល្បករពហុជំនាញ ងួន សុបិន មិនហ៊ានប៉ងចង់ធ្វើចាងហ្វាងផលិតកម្មនោះឡើយ សុខចិត្តទទួលសម្តែងរឿងឱ្យផលិតកម្មនានាដើម្បីបម្រើអារម្មណ៍ពុកម៉ែបងប្អូនឱ្យសប្បាយរីករាយ។
ក្រៅពីអាជីពជាតារាកំប្លែង និងជាអ្នកចម្រៀង លោក ងួន សុបិន បុរសសម្បូរវោហាសព្ទបែបកំប្លុកកំប្លែង ត្រូវបានគេស្គាល់ថា ជាតារាសម្តែងម្នាក់ដ៏ប៉ិនប្រសព្វម្នាក់ផងដែរ ដោយកន្លងមកលោករមែងបង្ហាញខ្លួនតាមខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មក្នុងស្រុកនានា ថែមទាំងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនទៀតផង។
ផ្តល់បទសម្ភាសន៍ជាមួយកម្មវិធីជីវិតកម្សាន្ត ក្នុងកម្មវិធី Idol Fun House របស់ PNN កាលពីពេលថ្មីៗ តារាកំប្លែងស្ងួតជំនាញខាងលេងទឹកមុខរូបនេះថា លោកស្រលាញ់វិស័យសិល្បៈខ្លាំង ហើយក៏ជាមានទេពកោសល្យសិល្បៈច្រើនផ្នែក ពិសេសភាពកំប្លុកកំប្លែងផ្តល់សំណើចក្អាកក្អាយដល់មនុស្សជុំវិញខ្លួនគឺជាឯកទេសរបស់លោកតែម្តង។ ជាងនេះទៅទៀត លោកក៏ជាអ្នកនិពន្ធបទចម្រៀង និងតែងនិពន្ធអត្ថបទភាពយន្តផងដែរ។
ទោះបីជាកន្លងមក ស្នាដៃតែងនិពន្ធរបស់លោកធ្លាប់ត្រូវបានផលិតជាខ្សែភាពយន្ត និងមានការទទួលស្គាល់ពីមនុស្សជុំវិញខ្លួនក៏ពិតមែន តែតារាកំប្លែងរូបនេះពុំដែលហ៊ានគិតស្រមៃចង់ធ្វើជាចាងហ្វាងផលិតកម្មម្តងណាឡើយ ដោយសារការបើកផលិតកម្មត្រូវចំណាយដើមទុនធំលើសពីសមត្ថភាពរបស់លោក។
យ៉ាងណាមិញ តារាកំប្លែងរូបនេះនៅតែបន្តមានវត្តមានក្នុងខ្សែភាពយន្តថ្មីៗដែលត្រៀមនឹងចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខ ហើយក៏មានខ្សែភាពយន្តខ្លះទើបបញ្ចប់ការចាក់បញ្ចាំងដូចគ្នាដែរ។
សុបិន្ត ថា ក្នុងនាមជាអ្នកសិល្បៈមួយរូប លោកអាចចេះជំនាញច្រើន ប៉ុន្តែអ្វីដែលលោកពុំដែលគិតចង់ផ្លាស់ប្តូរនោះគឺ អត្តចរិក និងភាពកំប្លែងរបស់លោក ព្រោះលោកប្រកាន់ភ្ជាប់នូវគំនិតផ្ទាល់ខ្លួនមួយដែលចង់ឱ្យអ្នកជុំវិញខ្លួនមានភាពសប្បាយរីករាយ គ្មានភាពស្មុគស្មាញ។ ដូច្នេះ លោកនឹងមិនផ្លាស់ប្តូរខ្លួនឯងឡើយ ដរាបណាពុកម៉ែបងប្អូននៅតែបន្តគាំទ្រលោកក្នុងរូបភាពជាតារាកំប្លែង។
ឆ្លៀតឱកាសនេះ លោក ងួន សុបិន្ត ដែលតែងតែផ្តល់សំណើច និងភាពកំប្លែងដល់អ្នកជុំវិញខ្លួនតាមរយៈកាយវិការដ៏រស់រវើក និងពាក្យពេចន៍ផ្តោះផ្តងគួរឱ្យចង់ស្តាប់ សូមអរគុណដល់ពុកម៉ែបងប្អូន និងប្រជាជនកម្ពុជាទូទាំងប្រទេស ដែលតែងតែស្រលាញ់គាំទ្ររាល់ការសម្តែងរបស់លោក មិនថា ការលេងកំប្លែង ការសម្តែងភាពយន្ត និងការបកស្រាយបទចម្រៀងជាដើម ពិសេសការធ្វើមេក្រុមក្នុងកម្មវិធី Idol Fun House របស់ភីអិនអិន ដែលលោក អ្នកនាង កាតុ និងនាយគ្រឿន តែងតែផ្តោះផ្តងពាក្យសម្តីគ្នាមិនលោះសប្តាហ៍ឡើយ ដើម្បីឱ្យពុកម៉ែបងប្អូនបានកម្សាន្តសប្បាយរំសាយអស់ទុកកង្វល់៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច