ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ក្រសួងកសិកម្មវៀតណាម បានបញ្ជាក់ថា ក្រុមហ៊ុនវៀតណាម នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយ ដៃគូសហរដ្ឋអាមេរិក ដើម្បីទិញកសិផលអាមេរិកដែលមានតម្លៃ ២ពាន់លានដុល្លារ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី រវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
វៀតណាម ត្រូវបានអាមេរិក ដាក់គំនាបពន្ធ ៤៦% ទោះបីជា ពន្ធនេះ ត្រូវបានផ្អាករហូតដល់ខែកក្កដា ក៏ដោយ ប្រសិនបើចូលជាធរមាន គឺអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ កំណើនវៀតណាម ដែលពឹងផ្អែកលើ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារកំពូលរបស់ខ្លួន។ក្រសួងកសិកម្មវៀតណាម បានលើកឡើងថា កិច្ចព្រមព្រៀងថ្មីដែលបានចុះហត្ថលេខា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដោយ គណៈប្រតិភូក្រុមហ៊ុនវៀតណាមចំនួន ៥០ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម គឺមាន MoU ចំនួន ៥ ដើម្បីទិញផលិតផល ៨០០លានដុល្លារពី រដ្ឋ អាយអូវ៉ា ក្នុងរយៈពេល ៣ឆ្នាំ រួមមាន ការទិញពោត ស្រូវសាលី គ្រាប់ធញ្ញជាតិស្ងួត និងគ្រាប់សណ្តែក។
វៀតណាម ក៏បានសន្យាទិញផលិតផលអាមេរិកផ្សេងទៀត រួមទាំងយន្តហោះ Boeing និងឧស្ម័នធម្មជាតិរាវ ផងដែរ ហើយវៀតណាមក៏បានសន្យាថា នឹងបង្ក្រាបការក្លែងបន្លំ និងការលួចចម្លងតាមឌីជីថល បន្ទាប់ពីសហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសនេះថា ជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់សកម្មភាពខុសច្បាប់ទាំងនេះ។
ជាក់ស្តែង ប្រទេសវៀតណាម និងអាមេរិក បាននឹងកំពុងធ្វើការចរចាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដោយវៀតណាម បានសន្យាថានឹងអនុញ្ញាតឱ្យមាន ការនាំចូលពីសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីបង្រួមគម្លាតពាណិជ្ជកម្មរវាងប្រទេសទាំង ២។
កាលពីឆ្នាំ ២០២៤ សហរដ្ឋអាមេរិក បានកើតមានឱនភាពពាណិជ្ជកម្មចំនួន ១២៣ ពាន់លានដុល្លារជាមួយវៀតណាម។គួររម្លឹកថា ប្រទេសវៀតណាម កាលពីឆ្នាំមុន បានទិញកសិផលរបស់សហរដ្ឋអាមេរិកមានតម្លៃ ៣ពាន់ ៤រយលានដុល្លារអាមេរិក ហើយបាននាំចេញកសិផលផ្ទាល់ខ្លួនចំនួនជាង ១៣ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ