ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥

ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា៖ ភ្ញៀវអន្តរជាតិ នឹងផ្លាស់ប្តូរឥរិយាបទ នៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិតេជោ

០៤ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានលើកឡើងថា ភ្ញៀវអន្តរជាតិ ដែលធ្វើដំណើរការមកកាន់ប្រទេសកម្ពុជា នឹងផ្លាស់ប្តូរឥរិយាបទ នៅពេលមើលឃើញពី ព្រលានយន្តហោះអន្តរជាតិតេជោ ដែលពោរពេញទៅដោយ ភាពទំនើប និងអស្ចារ្យ។

 

 

នៅព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូប្រមាណ ៤០នាក់ បានធ្វើដំណើរទស្សនកិច្ចមកកាន់ ព្រលានយន្តហោះអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការ នៅក្នុងខែតុលា ឆ្នាំ២០២៥ខាងមុខនេះ។

 


នាឱកាសនោះ ឯកឧត្តម បានកោតសរសើរអំពី សមិទ្ធផលថ្មីមួយនេះ ដែលពោរពេញទៅដោយ ភាពទំនើប និងភាពអស្ចារ្យ ហើយឯកឧត្តម ជឿជាក់ថា ភ្ញៀវអន្តរជាតិ ដែលមកទីនេះ នឹងមើលឃើញប្រទេសកម្ពុជា ជាប្រទេសទំនើប និងជាការវិនិយោគសម្រាប់ពេលអនាគត ដែលនឹងលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចជាស្រូបទាញយកភ្ញៀវទេសចរណ៍ មកកាន់ប្រទេសកម្ពុជា។

 


ឯកឧត្តម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក៏បានលើកឡើងដែរថា ព្រលានយន្តហោះថ្មីរបស់រាជធានីភ្នំពេញ ក៏មានការចូលរួមរចនាឡើងដោយស្ថាបត្យករអង់គ្លេស Foster + Partners ខណៈគណៈប្រតិភូ ក៏បានកោតសរសើរដល់ សមិទ្ធផលថ្មីរបស់កម្ពុជា និងមិននឹកស្មានថា ប្រទេសកម្ពុជា មានការវិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត 4F។

 


ជាក់ស្តែង ព្រលានយន្តហោះលំដាប់អន្តរជាតិមួយនេះ មានបុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រង ដែលកំពុងបម្រើការងារ នៅឯការដ្ឋានសាងសង់ ចំនួនសរុបប្រមាណជិត ១៦,០០០នាក់ ក្នុងនោះមានខ្មែរជាង ៩០% ដោយឡែក ១០% ទៀតជាអ្នកជំនាញមកពីប្រទេសផ្សេងៗចម្រុះជាតិសាសន៍។

 


សូមជម្រាបថា ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២.៦០០ហិកតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025