ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥

IATA៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍សកល នឹងធ្លាក់ចុះក្នុងឆ្នាំ ២០២៥

០៤ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

ប្រធានស្ថាប័នសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ បានលើកឡើងថា របាំងពាណិជ្ជកម្មដែលកំពុងកើនឡើង គឺអាចបំផ្លាញសេដ្ឋកិច្ច និងវិស័យធ្វើដំណើរតាមផ្លូវអាកាស ហើយការពន្យារពេលប្រគល់យន្តហោះ ក៏ធ្វើឱ្យប៉ះពាល់ដល់ចំនួនអ្នកដំណើរ។ នេះបើយោងតាម ការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ហៅកាត់ IATA បានព្យាករទម្លាក់ ប្រាក់ចំណេញសម្រាប់ឧស្សាហកម្មដឹកជញ្ជូនផ្លូវអាកាស ក្នុងឆ្នាំ ២០២៥ ដោយបន្ទោសលើ ភាពតានតឹងពាណិជ្ជកម្ម និងការធ្លាក់ចុះទំនុកចិត្តអ្នកប្រើប្រាស់។

 


ពន្ធគយដែលដាក់ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើឱ្យមានការភ័យខ្លាចចំពោះ ការធ្លាក់ចុះនៃសេដ្ឋកិច្ច និងកាត់បន្ថយការចំណាយ ដែលជំរុញឱ្យអ្នកប្រើប្រាស់ជាច្រើន ជាពិសេសនៅសហរដ្ឋអាមេរិកពន្យារពេល ឬកាត់បន្ថយផែនការធ្វើដំណើរ។

 


យ៉ាងណាក៏ដោយ មិនមានការចង្អុលបង្ហាញថា តម្លៃយន្តហោះ បានកើនឡើងដោយសារតែពន្ធគយនោះទេ ខណៈក្រុមហ៊ុនអាកាសចរណ៍ នឹងទប់ទល់ បើសិនក្រុមហ៊ុនផលិតយន្តហោះ ព្យាយាមដំឡើងតម្លៃ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាល រក្សាលំហអាកាសឱ្យផុតពី សង្គ្រាមពាណិជ្ជកម្ម។


បច្ចុប្បន្នសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ តំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣០០ ដែលស្មើនឹងជាង ៨០% នៃចរាចរណ៍លើពិភពលោក។សូមរម្លឹកថា សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ បង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍សកល រកប្រាក់ចំណូលបាន ១ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤នេះ និងរកបានប្រាក់ចំណេញចំនួន ៣០ពាន់លានដុល្លារ ពោលគឺខ្ពស់ជាង ២៧ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025