ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥
បុណ្យប្រ៉ាយ ឆ្នាំ២០២៥ បានវិលត្រឡប់មកជាមួយភាពថ្មីប្លែកអស្ចារ្យសម្រាប់អ្នកចូលរួម ដោយឆ្នាំនេះមានកម្មវិធីសប្បាយៗជាច្រើន រួមទាំងការប្រកួតរាជនីប៉្រាយ និងការប្រគំតន្ត្រីពីសិល្បករល្បីៗ និងស្តង់លេងល្បែងកម្សាន្តយករង្វាន់អនុស្សាវីរយ៍ទៀតផង។
បុណ្យប្រ៉ាយ ឆ្នាំ២០២៥ ឬហៅថា Pride Fest 2025 ជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់អ្នកស្រលាញ់ភេទដូចគ្នា ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអបអរសាទរ និងលុបបំបាត់ការរើសអ៉ើងទៅលើអ្នកស្រលាញ់ភេទដូចគ្នា ក៏ដូចជា លើកកម្ពស់សមភាព សេចក្តីថ្លៃថ្នូរសម្រាប់ទាំងអស់គ្នា។ បុណ្យប្រ៉ាយ ឆ្នាំនេះរៀបចំឡើងក្នុងទ្រង់ទ្រាយធំខុសប្លែកពីរាល់ដង នៅបរិវេនកោះនរា។
កម្មវិធីកម្សាន្តសប្បាយៗជាច្រើនរួមមាន ការរត់ប្រណាំង ការដើរបង្ហាញម៉ូដ ដំណើរមោទកភាព ការប្រកួតរាជនីប្រ៉ាយ ព្រមទាំងការប្រគំតន្ត្រីពីសិល្បករល្បីៗ និងស្តង់លេងល្បែងកម្សាន្តយករង្វាន់អនុស្សាវីរយ៍ បានលេចរូបរាងឡើងក្នុងបុណ្យប្រ៉ាយ ឆ្នាំ២០២៥ ដើម្បីផ្តល់ការកម្សាន្ត និងភាពសប្បាយរីករាយដល់អ្នកចូលរួម។ ក្នុងនោះ អ៊ីមភុសភ្នំពេញ ក៏មានវត្តមានក្នុងបុណ្យប្រ៉ាយ ឆ្នាំ២០២៥ ផងដែរ អមដោយស្តង់ហ្គេមសប្បាយៗជាច្រើនសម្រាប់អ្នកចូលរួម។
លោក គង់ ទីម៉ូ ប្រធានអង្គការ អ៊ីមភុសភ្នំពេញ បានឱ្យដឹងថា ឆ្នាំនេះកម្មវិធី បុណ្យប្រ៉ាយ រៀបចំឡើងក្នុងទ្រង់ទ្រាយធំជាងមុន ដោយមានពង្រីកស្តង់លេងហ្គេមសប្បាយច្រើន និងក្រុមការងារស្ម័គ្រចិត្តចូលរួមសកម្មភាពផ្សេងៗ ពិសេសគឺវត្តមានរបស់ជយលាភីបុរសឯកពីកម្មវិធីផ្សេងៗ ដែលគ្រប់គ្នាសុទ្ធតែជាបុគ្គលមានឈ្មោះបោះសម្លេងក្នុងរង្វង់សិល្បៈ។
បន្ថែមពីលើការលើកឡើងខាងលើ លោក ឃុត សុភា អនុប្រធាននៃគម្រោង អ៊ីមភុសភ្នំពេញ បានបង្ហាញអារម្មណ៍រំភើបរីករាយដែលបុណ្យប្រ៉ាយ ឆ្នាំ២០២៥ មានអ្នកចូលរួមច្រើនជាងឆ្នាំមុនៗ សូម្បីតែកម្មការរត់ប្រណាំងឥន្ទនូ (Rainbow Run) នាពេលព្រឹកក៏មានការចូលរួមច្រើនផងដែរ។ ក្រោយចប់ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់អ្នកស្រលាញ់ភេទដូចគ្នានេះ អ៊ីមភុសភ្នំពេញ នៅមានកម្មវិធីសប្បាយៗបន្តបន្ទាប់ទៀត ដែលផ្តល់ទាំងការកម្សាន្ត និងចំណេះដឹងផ្នែកសុខភាពជាប្រយោជន៍ដល់អ្នកគ្រប់គ្នា៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច