ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥
ប្រទេសចិនបានបង្ហាញវើសិនថ្មីបំផុតនៃកម្មវិធី Tong Tong ជាភ្នាក់ងារសិប្បនិម្មិតទូទៅ (AGI) ដំបូងបង្អស់របស់ពិភពលោកដែលបង្ហាញអំពីបច្ចេកវិទ្យា AI ថ្មីមានសមត្ថភាពស្វ័យភាពនៅក្នុងការរៀនសូត្រ ការឆ្លុះបញ្ចាំង និងការរីកចម្រើនដែលជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI។
វិទ្យាស្ថានសម្រាប់បញ្ញាសិប្បនិម្មិតទូទៅក្រុងប៉េកាំង (BIGAI) បានបង្កើតកំណែថ្មី ឬវើសិនថ្មីនៃកម្មវិធី"Tong Tong ដែលជាភ្នាក់ងារសិប្បនិម្មិតទូទៅ (AGI) ដ៏ទំនើបបំផុតលើពិភពលោក ហើយបានបង្ហាញកម្មវិធីនេះក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យាសិប្បនិម្មិតនៅវេទិកាចុងគ័នឃុន (Zhongguancun) ឆ្នាំ២០២៥កាលពីពេលថ្មីៗនេះ។
បញ្ញាសិប្បនិម្មិតចុងក្រោយនេះអាចធ្វើកំណែប្រែថ្មីនូវមូលដ្ឋានចំណេះដឹង មុខងារតម្លៃ និងជំនាញរបស់វាយ៉ាងសកម្មតាមរយៈការរៀនដោយស្វ័យភាពជាមួយនឹងសមត្ថភាពក្នុងការឆ្លុះបញ្ចាំង និងរីកចម្រើនដែលមានលក្ខណៈដូចមនុស្សធម្មតា។
ថ្លែងនៅក្នុងព្រឹត្តិការណ៍សម្ពោធកម្មវិធី Tong Tong នេះ លោក ឈិន ហាវ (Chen Hao) នាយកប្រតិបត្តិមជ្ឈមណ្ឌលបច្ចេកវិទ្យាកម្រិតខ្ពស់នៅវិត្យាស្ថាន BIGAI បានលើកឡើងអំពីសមត្ថភាពរបស់វើសិនថ្មីនៃកម្មវិធី Tong Tong 2.0។
លោក ឈិន បានរៀបរាប់ថា កម្មវិធី Tong Tong នេះសម្រេចបាននូវភាពស៊ីចង្វាក់គ្នារវាងភាសា និងសកម្មភាពបង្កប់ន័យ ហើយទាក់ទងនឹងការយល់ដឹងវិញ កម្មវិធីតុងតុង 2.0 មានសមត្ថភាពអាចរៀបចំផែនការនៃភារកិច្ចសមស្របគ្នាតាមសកម្មភាពផងដែរ។
លោក ឈិន បានបន្ថែមថា នៅចុងឆ្នាំនេះ ពួកគេនឹងបើកចំហកម្មវិធី Tong Tong 2.0 ឱ្យសាធារណជនសាកល្បងប្រើ ហើយគម្រោងនឹងដាក់កម្មវិធីនេះចូលទៅក្នុងខួរក្បាលរបស់មនុស្សយន្តដើម្បីបង្កើនសមត្ថភាពធ្វើអន្តរកម្មជាមួយនឹងពិភពលោកជាក់ស្ដែងផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន