ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក រីឆាដ ម៉ាល់ (Richard Marles) បាននិយាយនៅថ្ងៃនេះ ដោយសំដៅលើសំណើរបស់ឯកអគ្គរដ្ឋទូតចិនដែលសុំឱ្យប្រទេសនានាចាប់ដៃធ្វើពាណិជ្ជកម្មជាមួយគ្នាថា ប្រទេសអូស្ត្រាលីនឹងមិនចាប់ដៃជាមួយនឹងចិនទាក់ទងនឹងការប្រកួតប្រជែងណាមួយដែលកំពុងកើតឡើងនៅក្នុងពិភពលោកនេះឡើយ។
លោក រីឆាដ បានបន្ថែមថា អូស្រ្តាលីមិនកំពុងធ្វើដូច្នេះឡើយ ហើយអ្វីដែលអូស្ត្រាលីកំពុងធ្វើគឺការស្វែងរកផលប្រយោជន៍ជាតិរបស់អូស្ត្រាលី និងធ្វើពិពិធកម្មពាណិជ្ជកម្មនៅជុំវិញពិភពលោក។ លោកបានបន្ថែមទៀតថា អូស្ត្រាលីនឹងកសាងភាពរឹងមាំសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុប ឥណ្ឌូនេស៊ី ឥណ្ឌា អង់គ្លេស និងតំបន់មជ្ឈិមបូព៌ា។
ការបដិសេធរបស់លោក រីឆាដ នេះបានធ្វើឡើងក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលថា លោកនឹងបន្ទាបពន្ធធ្ងន់ៗជាបណ្តោះអាសន្នលើប្រទេសជាច្រើន ប៉ុន្តែនឹងបន្តកំណត់គោលដៅលើប្រទេសចិនដោយដំឡើងពន្ធពី១០៤%ទៅដល់១២៥% ដែលបង្កើនសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរនេះ។
សូមរំលឹកថា បើតាមការចេញផ្សាយរបស់កាសែត The Age របស់អូស្ត្រាលីបានរាយការណ៍ថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអូស្ត្រាលីលោក សាវ ឈាន (Xiao Qian) បានជំរុញឱ្យទីក្រុងកង់បេរ៉ាធ្វើសហការគ្នាជាមួយនឹងទីក្រុងប៉េកាំងដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មសកលពហុភាគី។ លោក សាវ បាននិយាយថា នៅក្រោមកាលៈទេសៈថ្មីនេះ ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយនឹងប្រទេសអូស្ត្រាលី និងសហគមន៍អន្តរជាតិដើម្បីរួមគ្នាឆ្លើយតបទៅនឹងការផ្លាស់ប្តូររបស់ពិភពលោក៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន