ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥

ចិនដាក់ពន្ធតបលើអាមេរិកវិញ១២៥ភាគរយក្រោយអាមេរិកដាក់ពន្ធ១៤៥ភាគរយ

 

 

រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃសុក្រ(១១មេសា) បានតំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកទៅ១២៥ភាគរយ ដែលនេះជាការវាយបកវិញទៅនិងការសម្រេចរបស់ប្រធានាធិបតីអាមេរិកលោកDonald Trumpចំពោះការតំឡើងពន្ធលើទំនិញប្រទេសចិនទៅដល់១៤៥ភាគរយ។ បញ្ហានេះឱ្យគេមើលឃើញថាជាជំហានទៅរកសង្គ្រាមពាណិជ្ជកម្មដែលគំរាមកំហែងទៅដល់ការជាប់គាំងចង្វាក់ផ្គត់ផ្គង់សាកលលោក។ 

 

ពន្ធ១២៥ភាគរយ ដែលតំឡើងពី៨៤ភាគរយ នឹងអនុវត្តន៍ចាប់ពីថ្ងៃសៅរ៍។

 

ការតំឡើងពន្ធពីសំណាក់ប្រទេសចិន ធ្វើឡើងក្រោយសេតវិមានរក្សាការដាក់សម្ពាធទៅលើប្រទេសចិនដែលជាប្រទេសសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ធំលំដាប់ទី២នៃការនាំចូលរបស់អាមេរិក ដោយអាមេរិកបានតំឡើងពន្ធតែលើប្រទេសចិន ហើយប្រទេសផ្សេងទៀតនៅលើពិភពលោកបានផ្អាកការអនុវត្តន៍ពន្ធកម្រិតខ្ពស់ចំនួន៩០ថ្ងៃដើម្បីទុកពេលចរចារ។

 

នៅក្នុងសេចក្តីថ្លែងការណ៍ក្រសួងហិរញ្ញវត្ថុចិនបានលើកឡើងថា «អាមេរិក​ដាក់​ពន្ធ​ខ្ពស់​ខុស​ប្រក្រតី​លើ​ចិន បានបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ, បំពានច្បាប់សេដ្ឋកិច្ចជាមូលដ្ឋាន និងសុភវិនិច្ឆ័យ ហើយគឺជាការគំរាមកំហែង និងការបង្ខិតបង្ខំដោយឯកតោភាគីទាំងស្រុង»។ 

 

ប្រទេសចិន បន្តថា ចិននឹងមិនអើពើ ចំពោះការតំឡើងពន្ធបន្ថែមទៀតរបស់អាមេរិកឡើយ ដោយសារទំនិញអាមេរិកនឹងលែងមានអត្ថន័យសេដ្ឋកិច្ចសម្រាប់អ្នកនាំចូលទៀតហើយ។ 

 

ជាមួយគ្នា ប្រទេសចិន នឹងដាក់បណ្តឹងថ្មីមួយទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញពន្ធជាថ្មីទៀតពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025