ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពន្យាពេលអនុវត្តន៍ពន្ធចំនួន៩០ថ្ងៃសម្រាប់បណ្តាប្រទេសជាច្រើននៅថ្ងៃពុធ(៩មេសា)។ ការប្រកាសនេះមានសុពលភាពអនុវត្តន៍ភ្លាមៗ ដែលបាននាំមកនូវភាពធូរស្បើយទៅកាន់អ្នកប្រើប្រាស់ជាច្រើន និងអ្នកវិនិយោគដែលបារម្ភទៅលើផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកដោយសារនយោបាយពាណិជ្ជកម្មអាមេរិក។
នៅក្នុងការប្រកាសមួយនាពេលរសៀល លោក Trump បានប្រកាសមិនអនុវត្តពន្ធគយថ្មីសម្រាប់រយៈពេល៩០ថ្ងៃ ប៉ុន្តែបានតំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិនទៅដល់១២៥ភាគរយ។ ការតំឡើងពន្ធលើប្រទេសចិនជាការឆ្លើយតបទៅនឹងការប្រកាសរបស់ប្រទេសចិនតំឡើងពន្ធ៨៤ភាគរយលើទំនិញអាមេរិកចាប់ផ្តើមនៅថ្ងៃ១០មេសា។
ការប្រកាសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នាំមកនូវការយល់ឃើញខុសៗគ្នារបស់ប្រជាជនទីក្រុងឈីហ្គាហ្គោ រដ្ឋអ៊ីលីណយ នៃសហរដ្ឋអាមេរិក។
លោកSamuel Sanders វ័យ៦៨ឆ្នាំ បានលើកឡើងដូច្នេះ«Trumpឈ្លក់វង្វេងនិងខ្លួនឯងយ៉ាងខ្លាំង ,លោកចង់បង្កើតក្បួនច្បាប់,លោកចង់ក្លាយជាជនផ្តាច់ការ»។ លោកSanders ជឿថា នយោបាយពន្ធរបស់លោកប្រធានាធិបតីអាមេរិក នឹងមិនល្អឡើយសម្រាប់ប្រជាជនអាមេរិករាប់លាននាក់។
ប្រជាជនអាមេរិករូបនេះបន្តថា «ពន្ធ មិនល្អឡើយសម្រាប់ប្រជាជនមានកម្រិតជីវភាពទាប និងក្រុមប្រជាជនប្រាក់ឈ្នួលទាប។ ការពន្យាពេល៩០ថ្ងៃ នឹងមិនមានអ្វីខុសគ្នាឡើយសម្រាប់លោក»។
យ៉ាងណាក៏ដោយ ប្រជាជនអាមេរិកផ្សេងទៀតមានការយល់ឃើញខុសគ្នាចំពោះនយោបាយពន្ធអាមេរិក។ លោកZachary Nelson បានលើកឡើងដូច្នេះ «ខ្ញុំសង្ឃឹមថាប្រជាជនអាមេរិកគិតវិជ្ជមានគាំទ្រប្រធានាធិបតីពួកគេច្រើនជាងនេះបន្តិច»។ ប្រជាជនអាមេរិកវ័យ៣០ឆ្នាំ បាននិយាយថា លោកយល់ថា ពន្ធ គឺសហរដ្ឋអាមេរិក គ្រាន់តែទទួលបានតម្លៃសមរម្យសម្រាប់គ្រប់ទំនិញទាំងអស់។
ប្រែសម្រួល៖ណាវ័ន្ត