ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥

ធនាគារជាតិ និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ប្រមូលធាតុចូលលើ ប្រព័ន្ធវដ្តករសាស្ត្រសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា

០៩ មេសា ២០២៥ | សេដ្ឋកិច្ច

 

នាឱកាសសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលលើ ប្រព័ន្ធវដ្តករសាស្ត្រសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា នាថ្ងៃទី ៨ ខែមេសា នេះ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា នេះគឺជាជុំទី ២ នៃការពិគ្រោះជាមួយភាគីពាក់ព័ន្ធក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធវដ្តករសាស្ត្រ ដែលនឹងនាំផ្លូវ ហិរញ្ញវត្ថុបៃតងរបស់កម្ពុជា។

 


ឯកឧត្តម យឹម លាត បន្តថា នៅឆ្នាំនេះ ធនាគារជាតិ  មានគម្រោងអនុវត្តប្រព័ន្ធវដ្តករសាស្ត្រសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យសំខាន់ចំនួន ៣ ដែលនឹងក្លាយជា ប្រធានបទនៃការពិគ្រោះយោបល់នៅថ្ងៃនេះ ក៏ដូចជាផ្សព្វផ្សាយនូវ ផែនទីបង្ហាញផ្លូវស្តីពី ហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីដាក់ចេញនូវគោលការណ៍ណែនាំ និងផែនការសកម្មភាពច្បាស់លាស់ ក្នុងសម្រេចបាននូវមហិច្ឆតា។

 


នាឱកាសនោះ លោកស្រី Elvira Morella នាយកគ្រប់គ្រងផ្នែកសេដ្ឋកិច្ច និងជាទីប្រឹក្សាប្រចាំប្រទេសនៃ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានមានប្រសាសន៍ថា ប្រព័ន្ធវដ្តករសាស្ត្របៃតង គឺជាឧបករណ៍មូលដ្ឋានដំបូង សម្រាប់បង្ហាញព័ត៌មានអំពី ការវិនិយោគបៃតងដល់អ្នកវិនិយោគ និងប្រភពនៃការវិនិយោគបៃតង ដែលជាការបង្ហាញផ្លូវ សម្រាប់អ្នកវិនិយោគ អាចសម្រេចចិត្ត។លោកស្រី បន្តថា សិក្ខាសាលាពិគ្រោះយោបល់លើកទី ២នេះ នឹងប្រមូលធាតុចូលបន្ថែម ទាំងមតិកែលម្អ បទពិសោធន៍ និងធាតុចូលបន្ថែម ដើម្បីបង្កើតនូវសេចក្តីព្រាង ប្រព័ន្ធវដ្តករសាស្ត្រ ជំនាន់ថ្មី សម្រាប់វិស័យសក្តានុពលថ្មីទាំង ៣ ដូចជា វិស័យថាមពល, សំណង់ និងដឹកជញ្ជូន។

 


សូមជម្រាបថា ប្រព័ន្ធវដ្តករសាស្ត្រសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព គឺជាប្រព័ន្ធចាត់ថ្នាក់ទូទៅសម្រាប់សកម្មភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដែលជួយដល់រាជរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុន និងអ្នកវិនិយោគ ធ្វើការសម្រេចចិត្តប្រកបដោយព័ត៌មានពេញលេញ ដែលរួមចំណែកដល់ការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងប្រកបដោយនិរន្តរភាព៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025