ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសលើកលែងទោសទណ្ឌបំណុលពន្ធ និងការផាកពិន័យទាំងឡាយ ចំពោះធុរកិច្ច ដែលកំពុងមានដំណើរការនៅក្នុងបណ្តាខេត្តភាគឦសាន ប្រសិនអាជីវកម្មទាំងនោះ ស្ម័គ្រចិត្តចុះបញ្ជីពន្ធដារ នៅក្នុងឆ្នាំ ២០២៥ នេះ។
នាឱកាសដែលសម្តេចអញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភាគឦសាន» នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សកម្មភាពធុរកិច្ចដែលកំពុងដំណើរការនៅក្នុងខេត្តទាំង៤ ដែលពុំទាន់ចុះបញ្ជីពន្ធដារ អាចចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត នៅក្នុងឆ្នាំ២០២៥នេះ ហើយទទួលបាននូវការលើកលែងទោសទណ្ឌ បំណុលពន្ធ និងការផាកពិន័យជាប្រាក់ ចំពោះការមិនបំពេញអនុលោមភាពកន្លងមក ខណៈនេះគឺជាលក្ខណៈពិសេសមួយ នៅក្នុងចំណោមលក្ខណៈពិសេស ក៏ដូចជាការលើកទឹកចិត្តផ្សេងៗទៀត នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍ នៅខេត្តភាគឦសាននេះ។
ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្រៅពីការលើកលែងបំណុលពន្ធ រដ្ឋបានបង្កើតនូវយន្តការច្រកចេញចូលតែមួយ ដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែង ដូចនឹងយន្តការដែលរាជរដ្ឋាភិបាលបានអនុវត្តជោគជ័យកន្លងមកនៅក្នុងខេត្តព្រះសីហនុផងដែរ នោះគឺការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។ តាមរយៈក្រុមការងារនេះ វិនិយោគិនអាចដាក់ពាក្យស្នើសុំការអនុម័តគម្រោង និងលិខិតស្នាមផ្សេងៗ ដោយពុំចាំបាច់ឆ្លងនីតិវិធី ដោយឡែកតាមក្រសួង ស្ថាប័ននីមួយៗ។
លើសពីនេះ ករណីជួបបញ្ហា វិនិយោគិន ក៏អាចស្នើការសម្របសម្រួល ដោះស្រាយពីក្រុមការងារនេះដោយផ្ទាល់បានផងដែរ។ ហើយបន្ទាប់ពីចុះបញ្ជីរួច ធុរកិច្ចទាំងនោះ ក៏អាចស្នើសុំការលើកទឹកចិត្តបន្ថែម តាមរយៈការទៅចុះបញ្ជីក្នុងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលហៅកាត់ថា គ.ល.គ ។
ទន្ទឹមនឹងនេះ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះធុរកិច្ច លើសពីច្បាប់វិនិយោគរបស់កម្ពុជា ដើម្បីលើកទឹកចិត្តវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល ក៏បានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ធុរកិច្ច ដែលទំហំទុនវិនិយោគអប្បបរមាចាប់ពី ១០ម៉ឺនដុល្លារ ឡើងទៅអាចស្នើសុំគោលការណ៍វិនិយោគ ពីគណៈកម្មការជំរុញអភិវឌ្ឍន៍ធុរកិច្ចភាគឦសាន ដើម្បីសុំចុះបញ្ជី គ.ល.គ.។ រដ្ឋាភិបាល ក៏បានត្រៀម ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាបសម្រាប់ធុរកិច្ច នៅខេត្តភាគឦសានផងដែរ។
គួរជម្រាបថា ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ រាជរដ្ឋាភិបាលនឹងផ្ដល់ការគាំទ្រតាមរយៈវិធានការសំខាន់ៗចំនួន ៣ ប្រភេទ រួមមាន៖ ទី១) វិធានការផ្នែកពន្ធដារ និងពន្ធគយ ទី២) ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ និងទី៣) ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាព វិនិយោគឯកជន។ វិធានការទាំងនេះ នឹងត្រូវអនុវត្តចំពោះគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលត្រូវបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) គម្រោងពង្រីកនៃ គ.ល.គ. ដែលមានស្រាប់ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចរបស់ សហគមន៍កសិកម្មទំនើប និងគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចរបស់សហគមន៍ទេសចរណ៍ ដែលត្រូវចាប់ផ្តើមដំណើរការពីឆ្នាំ ២០២៥ ដល់ ២០២៨៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី