ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

តម្លៃប្រេងឆៅសកល ធ្លាក់ចុះជាង ៧% ក្រោយចិន ប្រកាសដំឡើងពន្ធលើអាមេរិកវិញ

១០ មេសា ២០២៥ | សេដ្ឋកិច្ច

 

តម្លៃប្រេងឆៅ បានធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅ ៧% ដោយឈានដល់កម្រិតទាបក្នុងរយៈពេល ៤ ឆ្នាំ បន្ទាប់ពីប្រទេសចិន បានប្រកាសពន្ធបន្ថែមលើទំនិញរបស់សហរដ្ឋអាមេរិក ក្នុងការសងសឹកប្រឆាំងនឹងគោលនយោបាយពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ជាក់ស្តែង ក្រសួងហិរញ្ញវត្ថុចិន បានបញ្ជាក់ថា ប្រទេសចិន នឹងដាក់ពន្ធ ៨៤% លើទំនិញអាមេរិកចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ ពោលគឺកើនឡើងពី ៣៤% ដែលបានប្រកាសពីមុន។

 


នៅលើទីផ្សារប្រេងសកល ក្នុងសប្តាហ៍ទី ២ ខែមេសានេះ តម្លៃប្រេងឆៅ Brent របស់អង់គ្លេស ស្ថិតនៅរង្វង់ ៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះ ៤% ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិក ស្ថិតនៅចន្លោះ ៥៧ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលមានការធ្លាក់ចុះប្រមាណ ៤%។អ្នកវិភាគរបស់ស្ថាប័នហិរញ្ញវត្ថុ UBS បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកកំពុងកើនឡើង និងបង្កឱ្យមានការភ័យខ្លាចនៃ ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។

 


ជាក់ស្តែង ការកើនឡើងនៃក្តីបារម្ភនៃ តម្រូវការប្រេងដែលចុះខ្សោយ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នឹងទាមទារឱ្យតម្លៃកាន់តែទាប ដើម្បីឈានដល់ ការកែតម្រូវការផ្គត់ផ្គង់ ការពារការផ្គត់ផ្គង់លើស ។ពិតណាស់ តម្លៃប្រេងឆៅ Brent និង West Texas Intermediate បានធ្លាក់ចុះចំនួន ៥វគ្គរួចមកហើយ ចាប់តាំងពី លោក ដូណាល់ ត្រាំ បានប្រកាសពី ពន្ធគយលើការនាំចូល ភាគច្រើនដែលជំរុញឱ្យមានការព្រួយបារម្ភអំពី កំណើនសេដ្ឋកិច្ច និងតម្រូវការប្រេងឥន្ធនៈ។

 


ជាចុងក្រោយ ស្ថាប័ន Goldman Sachs ព្យាករថា តម្លៃប្រេងឆៅទាំង ២ខាងលើ អាចមានតម្លៃប្រហាក់ប្រហែល ៥៨ដុល្លារ ដល់ ៦២ដុល្លារ ក្នុងមួយបារ៉ែល នៅត្រឹមខែធ្នូ ឆ្នាំ ២០២៥ ហើយតម្លៃនេះ នឹងថយចុះដល់ ៥១ដុល្លារ ដល់ ៥៥ដុល្លារ នៅខែធ្នូ ឆ្នាំ ២០២៦៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025