ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

វៀតណាម នឹងចរចាបញ្ហាពន្ធគយជាមួយ អាមេរិក ដោយគ្មានភាពភ័យខ្លាច

១០ មេសា ២០២៥ | សេដ្ឋកិច្ច

 

នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយក្រសួង ទីភ្នាក់ងារវៀតណាមនៅបរទេស ក្រុមធុរកិច្ចឧស្សាហកម្ម និងក្រុមធុរកិច្ច ថា វៀតណាម នឹងបង្កើនកិច្ចសន្ទនា និងការចរចា មិនមែនការប្រឈមមុខដាក់គ្នា ឬវិធានការដែលបង្កើនភាពតានតឹង និងបញ្ហាស្មុគស្មាញនោះទេ។

 


លើសពីនេះ វាអាចជាឱកាសសម្រាប់វៀតណាម ក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ និងធ្វើពិពិធកម្មទៅកាន់ទីផ្សារថ្មី ផលិតផលថ្មី និងសង្វាក់ផ្គត់ផ្គង់ថ្មី។សហរដ្ឋអាមេរិក អាចជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ប៉ុន្តែមិនមែនតែមួយគត់នោះទេ ហើយវៀតណាម គួរតែស្វែងរកទីផ្សាររំពឹងទុកផ្សេងទៀត និងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

 


នាយករដ្ឋមន្ត្រីវៀតណាម ក៏បានអំពាវនាវឱ្យ ទីភ្នាក់ងារតំណាងវៀតណាមនៅក្រៅប្រទេស តាមដានយ៉ាងដិតដល់នូវ ការអភិវឌ្ឍន៍ក្នុងតំបន់ និងស្នើដំណោះស្រាយ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់វៀតណាមជាមួយប្រទេស និងតំបន់ផ្សេងទៀត។រដ្ឋាភិបាលបានអំពាវនាវឱ្យ អាជីវកម្មពង្រីកទៅកាន់ទីផ្សារថ្មី និងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី និងបង្កើនកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់ពាណិជ្ជកម្ម។

 


សូមជម្រាបថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំនេះ វៀតណាម សម្រេចបានទំហំពាណិជ្ជកម្មជាង ១២៧ពាន់លានដុល្លារអាមេរិក ដោយទទួលបានអតិរេកពាណិជ្ជកម្មចំនួនជាង ១,៤ពាន់លានដុល្លារអាមេរិក ក្នុងនោះ វៀតណាម សម្រេចបានអតិរេកពាណិជ្ជកម្ម ១៧ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិក កើនឡើង ១៦% ធៀបនឹងឆ្នាំមុន៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025