ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥

កម្ពុជា ទទួលបានចំណូល ៥ពាន់លានដុល្លារ ពីការនាំចេញផលដំណាំ ១២លានតោន ក្នុងឆ្នាំ២០២៤ 

០៩ មេសា ២០២៥ | សេដ្ឋកិច្ច

 

ក្នុងពិធីបើក «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម» ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នេះ បានលើកឡើងថា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២ លានតោន ទៅកាន់ទិសដៅ ៩៥ ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ ពាន់លានដុល្លារអាមេរិក។

 


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យ កសិកម្មកម្ពុជា សម្រេចបានលទ្ធផលគួរជាទីមោទនៈ បានប្រែ ក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខ ស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោន ដែលរួមចំណែកយ៉ាងសំខាន់ដល់ការ ធានាសន្តិសុខស្បៀង ពិភពលោកថែមទៀតផង។

 


ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើង ដល់ជាង ៧,៨២ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១% អនុវិស័យផលិតកម្មសត្វ ១៥% អនុវិស័យ ជលផល ២០% និងអនុវិស័យព្រៃឈើ ៣,៣%។

 


ទន្ទឹមនឹងនេះ ដើម្បីរួមចំណែកជួយដល់ប្រជាកសិករ ក៏ដូចជា លើកកម្ពស់ផលិតភាពកសិកម្ម ក្រសួងកសិកម្មមកដល់ពេល នេះបានបង្កើតសហគមន៍ កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ ដោយផ្តោតទៅលើដំណាំយុទ្ធសាស្រ្តចំនួន៤ គឺស្រូវ បន្លែ ស្វាយចន្ទី និងម្រេច។ បន្ថែមពីលើនេះ ក្រសួង ក៏បានជួយសម្រួលក្នុងការ ពង្រីកកិច្ចសហការជាមួយធនាគារដៃគូ ក្នុងការផ្តល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប ជូនដល់សហគមន៍។

 


គួរជម្រាបថា វិស័យកសិកម្មកម្ពុជាជួបបញ្ហាប្រឈម មួយចំនួនដូចជា អស្ថិរភាពនៃប្រព័ន្ធផលិតកម្ម កង្វះទីផ្សារ អស្ថិរភាពតម្លៃ និងកង្វះវិនិយោគលើការកែច្នៃជាដើម ដែលទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសិក្សា ស្វែងយល់ឱ្យបានស៊ីជម្រៅ និងរួមគ្នាដោះស្រាយតាមយន្តការ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ដើម្បីជំរុញនិងបង្កើនល្បឿនការអភិវឌ្ឍ វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025