ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងទាញកំណើនភ្ញៀវទេសចរណ៍ នឹងជំរុញជីវភាពពលរដ្ឋនៅខេត្តសៀមរាប

១១ មេសា ២០២៥ | សេដ្ឋកិច្ច

 

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាកម្មវិធីមួយដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា " ស.ស.យ.ក " ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីអង្គរវត្តខេត្តសៀមរាបនៃប្រទេសកម្ពុជា ដើម្បីបង្ហាញវប្បធម៌ខ្មែរគ្រប់ទម្រង់ផ្សារភ្ជាប់បេតិកភណ្ឌវប្បធម៌អរូបិយ និងបេតិកភណ្ឌរូបី ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់បេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ស្ថិតក្នុងជំនួបពិភាក្សា និងស្វែងយល់ពីការងារជាមួយក្រុមអ្នកផលិតមាតិកា ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សង្ឃឹមថា អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងនាំចំណូលថវិកាដល់ទេសចរណ៍ខេត្តសៀមរាប និងចាក់បំពេញចំណូលសេដ្ឋកិច្ចជាតិ កាន់តែធំជាងឆ្នាំមុនៗ និងបានផ្សព្វផ្សាយអង្គរសង្ក្រាន្តកាន់តែធំទូលាយ នៅលើឆាកអន្តរជាតិ។ 

 


លោក សោម រតនា ជាប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៏អង្គរសង្រ្កាន្ត បានប្រាប់ក្រុមការងារសេដ្ឋកិច្ច ភីអិនអិន ឲ្យបានដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ នឹងដើរតួជាកត្តាជំរុញដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា ក៏ដូចជាបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អាចនឹងជួយទាក់ទាញភ្ញៀវទេសចរក្នុងស្រុក រួមទាំងជំរុញឲ្យមានចរន្តសេដ្ឋកិច្ចដល់ពលរដ្ឋ នៅក្នុងខេត្តសៀមរាប និងបានរួមចំណែកធំនៅក្នុងការជួយដល់វិស័យទេសចរណ៍ សិល្បៈប្រពៃណីវប្បធម៌របស់ខ្មែរ។ ដូច្នេះ ការចូលរួមផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្ត ជាការចូលរួមយ៉ាងសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចរបស់អ្នកខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗ របស់ខេត្តសៀមរាបទៅកាន់ពិភពលោក។លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងជះផលវិជ្ជមានដល់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប។

 

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រូបនេះ មានក្តីរំពឹងខ្ពស់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងទទួលបានភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅស្រុក មានចំនួនកើនឡើង។ ម្យ៉ាងទៀត ការចូលរួមអភិរក្ស អភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងផ្ដល់ឱកាសឱ្យយុវជន ភ្ញៀវទេសចរ បានស្វែងយល់អំពីភាពរុងរឿងនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាផងដែរ។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក៏ជាផ្នែកមួយជួយជំរុញទេសចរណ៍ផ្ទៃក្នុង និងទាក់ទាញភ្ញៀវបរទេស ហើយក៏ផ្ដល់ឱកាស និងចំណូលដល់អាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះ ប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាប ក៏បានត្រៀមលក្ខណៈរួចរាល់សម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកម្សាន្តនៅខេត្តសៀមរាប នៅក្នុងព្រឹត្តិការណ៍៍អង្គរសង្ក្រាន្ត។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នេះ រំពឹងថា នឹងផ្តល់ចំណូលមកដល់ប្រតិបត្តិករទេសចរណ៍ ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងខេត្តសៀមរាប ទាំងដោយផ្ទាល់ និងប្រយោល ដែលនឹងជួយធ្វើឱ្យសេដ្ឋកិច្ចមូលដ្ឋានមានភាពល្អប្រសើរ។ 

 


ចំណែក លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៏កម្ពុជា ខេត្តសៀមរាប បានលើកឡើងថា សម្រាប់ការកក់បន្ទប់ស្នាក់នៅកំឡុងកម្មវិធីអង្គរសង្ក្រាន្តឆ្នាំ២០២៥ ឃើញថា ផ្នែកសណ្ឋាគារចាប់ពីស្ពានអាងក្រពើ រហូតដល់ចំណុចស្តុបមន្ទីរពេទ្យគន្ធបុប្ផា មានការកក់ប្រមាណ ៩៥% សម្រាប់សណ្ឋាគារតាមបណ្តោយផ្លូវជាតិលេខ៦ (ចាប់ពីចុងកៅស៊ូ) រហូតដល់ស្តុបព្រលានយន្តហោះចាស់ មានការកក់ប្រមាណចន្លោះពី ៩០-៩៥% សណ្ឋាគារនៅក្រៅពីតំបន់នេះ ទទួលបានការកក់ប្រមាណពី ៦៥-៧០%។ អនុប្រធានសមាគមទេសចរណ៏កម្ពុជា បានបន្តថា សម្រាប់ផ្ទះសំណាក់នៅតាមបណ្តោយផ្លូវជាតិលេខ ៦ និងនៅម្តុំភូមិតាភុល និងនៅផាប់ស្ទ្រីត មានការកក់ប្រមាណពី ៩០-៩៥% និងផ្ទះសំណាក់ខ្លះមានការកក់ពេញ ១០០% រីឯ ផ្ទះសំណាក់នៅក្រៅពីតំបន់នេះ ទទួលបានការកក់ប្រមាណពី ៧៥-៨០%។ ក្នុងនោះ សម្រាប់ថ្ងៃទី ១៣-១៦ ខែមេសា បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាប នឹងទទួលបានការកក់ពេញ ១០០%។ 

 


បន្ថែមពីនេះ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំរបស់កម្ពុជានៅដើមឆ្នាំ ២០២៥ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវអន្តរជាតិ ខណៈដែលតាមការរំពឹងទុករបស់ក្រសួងនៅឆ្នាំនេះ កម្ពុជាអាចនឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិពី ៧,២លាននាក់ ទៅ ៧,៥លាននាក់។ ក្នុងនោះ ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយនៅក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងការគិតគូរពីទេសចរណ៍នៅគ្រប់រចនាសម្ព័ន្ធ និងគ្រប់ផលិតផលសេវាកម្មទេសចរណ៍ទាំងអស់នៅតាមសហគមន៍។

 


ទន្ទឹមនឹងនេះ អង្គរសង្ក្រាន្ត គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយត្រូវបានរៀបចំឡើងលើកដំបូងកាលពីឆ្នាំ ២០១៣ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងបង្ហាញវប្បធម៌ខ្មែរគ្រប់ទម្រង់ផ្សារភ្ជាប់បេតិកភណ្ឌវប្បធម៌អរូបី និងបេតិកភណ្ឌរូបី។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែលើកកម្ពស់ប្រពៃណីវប្បធម៌ខ្មែរប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលជាវិជ្ជមានដល់សេដ្ឋកិច្ចផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានក្លាយជាព្រឹត្តិការណ៍សកលទូទាំងប្រទេស ដោយរដ្ឋបាលរាជធានី-ខេត្ត បានរៀបចំសង្ក្រាន្តនៅតាមមូលដ្ឋានរៀងៗខ្លួនដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។គួរជម្រាបថា ក្នុងឆ្នាំ២០២៣ ដែលជាខួប ១០ឆ្នាំ របស់អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរចូលមកកម្សាន្តក្នុងព្រឹត្តិការណ៍នេះប្រមាណជាង ២លាននាក់ និងមានលំហូសាច់ប្រាក់ចូលមកក្នុងខេត្តប្រមាណជាង ១២៦លានដុល្លាអាមេរិក៕

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ
 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025