ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥
នេះជាការលើកឡើងរបស់លោក ពេជ្រទិព្វ វិបុល បេក្ខភាពបុរសឯកពាក់ស្លាកលេខសម្គាល់ ១៩ នៃកម្មវិធី Mister Supranational Cambodia 2025 ជុំវិញការប្រកួត Mister Supranational Cambodia 2025 ដែលកំពុងខិតជិតដល់វគ្គផ្តាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខនេះ។
មកទល់ពេលនេះ វិបុល បានឆ្លងកាត់វិញ្ញាសារលំបាកៗជាច្រើន ជាពិសេសវគ្គ Closedoor Interview ដែលជាវគ្គដ៏សំខាន់នៃការកំណត់ជោគវាសនារបស់បេក្ខភាពក្នុងកម្មវិធីប្រកួតសម្រស់នានា។
មែនទែនទៅ កំលោះសង្ហាសាច់ដុំ ៦កង់ រូបនេះ មិនសូវហ៊ានដាក់ក្តីរំពឹងខ្ពស់សម្រាប់ការប្រកួតនេះទេ តែលោកពិតជាសប្បាយចិត្តដែលឆ្នាំនេះលោកបានចូលរួមប្រកួតកម្មវិធីនេះ និងបានក្រេបជញ្ជក់យកបទពិសោធន៍ថ្មីៗពីការប្រកួតបុរសឯក។ ជាក់ស្តែង វេទិកា Mister Supranational Cambodia មិនត្រឹមតែជាឆាកប្រកួតបុរសឯកប៉ុណ្ណោះទេ ក៏មានរួមបញ្ចូលវិស័យហ្វេសសិន និងទេពកោសល្យសម្តែងផងដែរ។
បេក្ខភាពស្លាកលេខ១៥រូបនេះ ទទួលស្គាល់ថា បេក្ខភាពដែលបានចូលរួមប្រកួតឆ្នាំនេះពិតជាមានសមត្ថភាពខ្ពស់រៀងៗខ្លួន ហើយលោកក៏ខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមភាពជោគជ័យក្នុងការប្រកួតនេះ។
ទោះបីលទ្ធផលជាក់ស្តែងបែបណាក៏ លោក ពេជ្រទិព្វ វិបុល ត្រៀមចិត្តទទួលយក និងផ្តាំសូមឱ្យមហាជនបើកចិត្តទទួលយកវិស័យបវរកញ្ញា និងបុរសឯកឱ្យទូលាយជាងមុន ព្រោះលោកជឿជាក់ថា វេទិកាសម្រស់ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមជាតិយើង ពិសេសការផ្សព្វផ្សាយពីវិស័យទេសចរណ៍ជាតិយើងទៅកាន់ពិភពលោក។ទៀតសោត យើងក៏បានចងបណ្តាញទំនាក់ទំនងជាមួយបេក្ខភាពមកពីបណ្តាប្រទេសផ្សេងៗ និងពន្យល់ណែនាំពីកម្ពុជាទៅកាន់ពួកគេថែមទៀតផង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក