ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ បើកផ្លូវការ ដោយមានភាពយន្តធំៗជាច្រើនដែលទស្សនិកជនគួរតែទស្សនា !

២៤ មីនា ២០២៥ | កម្សាន្ដ

 

 

ស្នាដៃធំៗជាច្រើនរបស់ផលិតករក្នុង និងក្រៅស្រុកបានដាក់បញ្ចាំងជាផ្លូវការហើយ បន្ទាប់ពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៤ បានបើកសម្ពោធជាផ្លូវការកាលពីពេលថ្មីៗនេះ ។ 

 

 

ដូចការសន្យាមហោស្រពភាពយន្តអន្តរជាតិហៅកាត់ថា (CIFF) បានបើកជាផ្លូវការហើយ ដោយក្នុងឆ្នាំនេះមានភាពយន្តធំៗនិងពិសេសៗជាច្រើន ឆ្លុះបញ្ចាំងពីសិល្បៈ វប្បធម៌ និងការអប់រំ ដើម្បីទាក់ទាញផលិតករភាពយន្តអន្តរជាតិ មកថតនៅ កម្ពុជា លើកកម្ពស់វប្បធម៌ កំណើនសេដ្ឋកិច្ច និងទេសចរណ៍ ។ ឆ្នាំនេះមានភាពយន្តធំៗជាច្រើនដែលទស្សនិកជនគួរតែទៅទស្សនា មានទាំងភាពយន្តខ្នាតខ្លី និងខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល ។ 

 

 

ពិធីបើកមហោស្រពភាពយន្តអន្តរជាតិលើកទី ១៤ បានរៀបចំឡើងកាលពីចុងសប្ដាហ៍មុននេះនៅសាលសន្នីសីទចតុមុខ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចត្រសិល្បៈ ព្រមទាំងសិល្បករ បវរកញ្ញានិង ផលិតករថ្មីចាស់ ខ្មែរ និងបរទេសជាច្រើនរូប ។

 

 

ឆ្លៀតក្នុងឱកាសបើកមហោស្រពអន្តរជាតិ កម្ពុជា នោះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះ គឺប្រារពន្ធឡើងចំខួបទី៥០នៃសម័យខ្មែរក្រហមជាមួយនិងកម្មវិធីពិសេសមួយដែលមានចំណងជើងថា « ១៩៧៥-២០២៥ កម្ពុជាពីភាពអន្ធកាលទៅរកពន្លឺចែងចាំង ។ តាមរយៈភាពយន្តជាច្រើនផ្សេងទៀត មហោស្រពនេះគឺពិតជាមានសារៈសំខាន់ក្នុងការរក្សាការចងចាំ ជម្រុញការយល់ដឹង និងកិត្តិយស របស់ប្រទេស កម្ពុជា ។ 

 

 

ដោយឡែកលោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបញ្ជាក់ប្រាប់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ពិតជាដើរតួនាទីសំខាន់ក្នុងការភ្ជាប់ កម្ពុជា ទៅកាន់ពិភពលោក ព្រមទាំងបង្ហាញពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ កម្ពុជា ទៅកាន់ពិភពលោកផងដែរ ។

 

 

អ្នកនាង សុភី ឧត្តម ដែលជាកូនខ្មែរកាត់អូស្រ្តាលី និងជាទូតសុច្ឆន្ទះរបស់ CIFF និងជា  Ms. Global 2025 ក៏បានចូលរួមនាឱកាសនោះផងដែរ ដោយអ្នកនាងបានបង្ហាញពីអារម្មណ៍របស់ខ្លួនថា អ្នកនាងពិតជាមានមោទនភាពណាស់ដែលបានចូលរួមមហោស្រពភាពយន្តអន្តរជាតិលើកទី១៤ នេះ ក្នុងនាមជាទូតសុច្ឆនៈរបស់ CIFF អ្នកនាងយល់ថា មហោស្រពនេះគឺជាវេទិកាមួយដ៏ល្អដែលជួយលើកស្ទួយវប្បធម៌ខ្មែរទៅកាន់ពិភពលោក ។ 

 

 

យុវវជន ឆា សីហាក់ និង កញ្ញា ហែម ច័ន្ទធីតា ដែលជាសហអ្នកសរសេរនិងអ្នកដឹកនាំរឿង « ទៅអត់ » ក៏បានយកស្នាដៃដំបូងរបស់ខ្លួនមកចូលរួមដាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី១៤ នេះដែរ ។ 

 


គួរំលឹកផងដែរថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដើរតួជាវេទិកាដ៏សំខាន់សម្រាប់អ្នកផលិតភាពយន្តទូទាំងពិភពលោក ដើម្បីភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងចែករំលែកបទពិសោធន៌ចំពោះគ្នាទៅវិញទៅមក ។

 

 

 មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី ១៤ ចាប់ផ្តើមដាក់បញ្ចាំងភាពយន្តទាំង១៥១រឿងជាផ្លូវការចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៩ ខែមិនា ដោយឥតគិតថ្លៃនៅគ្រប់រោងភាពយន្តធំៗ និងទីតាំងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ មានទាំងភាពយន្តខ្នាតខ្លី និងខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025