ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥

១៤ឆ្នាំក្រោយចេញវគ្គ៥ “Final Destination” បញ្ចេញ Trailer វគ្គ៦ កាន់តែរន្ធត់!

២៦ មីនា ២០២៥ | កម្សាន្ដ

 


រយៈពេល ១៤ ឆ្នាំក្រោយចេញវគ្គ៥ នៅពេលនេះស៊េរីភាពយន្ត “Final Destination” កំពុងត្រៀមវិលត្រលប់មកវិញជាមួយវគ្គ៦ ដោយនឹងនាំអារម្មណ៍ទស្សនិកជនឱ្យរន្ធត់ព្រឺព្រួចម្ដងទៀតជាមួយនឹងបេសកកម្មគេចពីការស្លាប់របស់តួអង្គ ដែលអាចមានញាណដឹងថាហេតុការណ៍អាក្រក់អាចនឹងកើតឡើងចំពោះរូបគេនិងមនុស្សជុំវិញខ្លួន។

 

 


តាមរយៈវីដេអូ Trailer វគ្គថ្មីមានចំណងជើងថា “Final Destination Bloodlines” នឹងបង្ហាញពីរឿងរ៉ាវរបស់និស្សិតស្រីម្នាក់ដែលតែងសុបិនថាគ្រួសារនាងនឹងជួបរឿងអាក្រក់ដែលអាចធ្វើឱ្យពួកគេស្លាប់ទាំងគ្រួសារ។

 

 

ទន្ទឹមនោះ លោកយាយរបស់នាងក៏បានបង្ហើបថាកាលពីអំឡុងឆ្នាំ១៩៦០ គាត់ធ្លាប់គេចពីការស្លាប់និងបានសង្គ្រោះជីវិតមនុស្សជាច្រើនពីហេតុការណ៍ក្នុងពិធីជប់លៀងមួយ ប៉ុន្តែពេលនេះសេចក្ដីស្លាប់កំពុងមករកគ្រួសាររបស់ពួកគេម្ដងទៀតហើយ។ 

 


វគ្គថ្មីនេះនឹងចូលរួមសម្តែងដោយតារាថ្មីៗដូចជា Kaitlyn Santa Juana, Teo Briones, Richard Harmon, Owen Patrick Joyner, Rya Kihlstedt និង Anna Lore ជាដើម ខណៈតួអង្គចាស់គឺតារាសម្ដែង Tony Todd នឹងវិលត្រលប់មកសម្ដែងជាតួអ្នករៀបចំពិធីបុណ្យសពម្ដងទៀត។ គួរបញ្ជាក់ដែរថាភាពយន្តនេះ គឺជាស្នាដៃចុងក្រោយរបស់លោក មុនទទួលមរណភាពកាលពីខែវិច្ឆិកា ឆ្នាំមុន។

 


សូមរំឭកថា ភាពយន្ត “Final Destination” បានចេញវគ្គដំបូងកាលពី ខែមីនា ឆ្នាំ២០០០ ខណៈវគ្គចុងក្រោយដែលបានចេញបញ្ចាំងរួចគឺវគ្គទី៥ បានចេញកាលពីខែសីហា ឆ្នាំ២០១១។

 


ផលិតដោយក្រុមហ៊ុន New Line Cinema និងចែកចាយផ្ដាច់មុខដោយ Warner Bros. Pictures ភាពយន្ត “Final Destination Bloodlines” នឹងចាក់បញ្ចាំងតាមរោងភាពយន្តកំលុងពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៥ នេះ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025