ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥
កម្រងចម្រៀងជាប្រវត្តិសាស្ត្រដកស្រង់ចេញពីសាច់រឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » របស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដើមចេញផលិតជាផ្លូវការហើយ ។ នៅទីបំផុតកម្រងចម្រៀងជាប្រវត្តិសាស្ត្រដកស្រង់ចេញពីសាច់រឿងពិត”កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី” របស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដើមចេញផលិតជាផ្លូវការហើយ ។
ដោយទទួលសិទ្ធពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានជ្រើសរើសតារាចម្រៀងល្បីឈ្មោះពីរដួង គឺលោក ខេម និង អ្នកនាង ស៊ុន ស្រីពេជ្រ ដើម្បីចូលរួមបទស្រាយនូវបទចម្រៀងជាច្រើន ។
នៅក្នុងសន្នីសីទសារព័ត៌មានស្តីពីការផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ដែលជារឿងប្រវត្តិសាស្រ្ត និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី ២០ខែមីនា ឆ្នាំ២០២៥ ម្សិលមិញកន្លង មានការចូលរួមដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ទីប្រឹក្សាផលិតកម្ម ផលិតករ អ្នកនិពន្ធ តារាចម្រៀង និងសិល្បករសិល្បការិនីជាច្រើនរូប។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានមានប្រសាសន៍ថា ខ្លួន និងឯកឧត្តម ហ៊ឹម នភា ពិតជាមានមោទនភាពជាខ្លាំងដែលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ត្រា ទទួលបាននូវភារកិច្ចដ៏មានតម្លៃជាប្រវត្តិសាស្រ្តក្នុងការផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ឡើងដើម្បីទុកជាមរតកដល់អ្នកជំនាន់ក្រោយបានដឹង និងស្វែងយល់ពីដំណើររឿង ដោយសាររឿងនេះជាដំណាក់កាលប្រវត្តិសាស្រ្ត និងជារឿងពិតដែលនិយាយពីសាច់រឿងរបស់សម្តេចតេជោ ក្នុងអំឡុងពេលចូលព្រៃ ហើយធ្វើការតស៊ូ និងស្វែងរកការផ្សះផ្សារនាំសន្តិភាពជូនជាតិមាតុភូមិ ។
តារាច្រៀង ខេម និងអ្នកនាង ស៊ុន ស្រីពេជ្រ ត្រូវបានផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជ្រើសរើសដើម្បីចូលរួមចម្រៀងក្នុងកម្រងចម្រៀងរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ផងដែរ ។ នាឱកាសនោះតារាចម្រៀង ខេម បាននិយាយថា លោកពិតជាមានមោទនភាព និងសំណាងណាស់ក្នុងនាមជាតារាចម្រៀងសម័យម្នាក់មានឱកាសបានចូលរួមបកស្រាយចម្រៀងទាក់ទងសាច់រឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ដែលជាប្រវត្តិសាស្រ្តសម្តេចតេជោ ។ ក្នុងបទចម្រៀងទាំងនោះមានគ្រប់រសជាតិ ទាំងការរៀនសូត្រ ស្នេហា ការបែកបាក់ និងការជួបជុំ ។
តារាចម្រៀង ស៊ុន ស្រីពេជ្រ បានឱ្យដឹងផងដែរថា នេះជាលើកដំបូងហើយដែលនាងមានឱកាសបានចូលរួមថតបទចម្រៀងជាមួយលោក ខេម ។គួរបញ្ជាក់ផងដែរថា ការផលិតអាល់ប៊ុមកម្រងចម្រៀងជាផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក្នុងរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » នេះ ជាជំហានដំបូងក្នុង១អាល់ប៊ុម មានចន្លោះពី ៨វ៉ុល ទៅ ១០ វ៉ុល ដែលក្នុងវ៉ុលនិមួយៗមាន១០បទ សរុបប្រហែលចន្លោះពី៨០បទទៅ ១០០បទ មានទាំងបទលំនាំបទពីដើម និងមេឡូឌីថ្មីប្រហែល២០០បទ ។
ក្រៅពីទទួលបានសិទ្ធិក្នុងការផលិតកម្រចម្រៀងទាំងនោះរួចរាល់អស់ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ផលិតរក្សាទុកច្បាប់ដើមនៃចម្រៀងទាំងអស់ និងផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យបានទូលំទូលាយព្រមទាំងបានប្រគល់ជូនក្រុមការងារ Media របស់ សម្តេចតេជោ ដើម្បីផ្សព្វផ្សាយផងដែរ ។ បទចម្រៀងរបស់លោក ខេម ដែលមានចំណងជើងថា « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » និងបទ « ទំហំបេះដូងម៉ែពុក » របស់អ្នកនាង ស៊ុន ស្រីពេជ្រ បានចេញជាផ្លូវការហើយនៅក្នុងផលិកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ញិល សុជា