ថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥
តារាសម្ដែងកូរ៉េ IU និង Byeon Woo Seok បានច្រានចោលពាក្យចចាមអារ៉ាមដែលផ្សព្វផ្សាយថាពួកគេដកខ្លួនចេញពីរឿងភាគថ្មីរបស់ពួកគេបញ្ហាក្នុងការជ្រើសរើសវេទិកាចាក់ផ្សាយក្រៅប្រទេស។
នៅថ្ងៃទី ២៨ ខែមីនានេះ ប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា IU និង Byeon Woo Seok (ប្យ៉ន អ៊ូ សក) បានជូនដំណឹងដល់ក្រុមផលិតរឿងភាគរបស់ប៉ុស្តិ៍ MBC មានចំណងជើងថា “Wife of a 21st Century Prince” អំពីចេតនារបស់ពួកគេក្នុងការដកខ្លួនគម្រោងនេះ។ ប្រភពព័ត៌មាននោះបានអះអាងថាការដកខ្លួនរបស់ពួកគេគឺដោយសារតែការខ្វែងគំនិតគ្នាក្នុងការជ្រើសរើសវេទិកា Streaming សម្រាប់រឿងភាគនេះ។
ឆ្លើយតបនឹងរបាយការណ៍នេះ ភ្នាក់ងាររបស់តារាទាំងពីរបានបដិសេធភ្លាមៗនូវពាក្យចចាមអារ៉ាមខាងលើ ដោយក្នុងនោះភ្នាក់ងារ VARO Entertainment របស់តារាប្រុស Byeon Woo Seok បាននិយាយថា "Byeon Woo Seok មិនបានលាឈប់ពីរឿង 'Wife of a 21st Century Prince' ទេ។ លោកនឹងសម្តែងក្នុងរឿងមួយនេះតាមការគ្រោងទុក"។
ចំណែកទីភ្នាក់ងារ EDAM Entertainment របស់ IU ក៏បានធ្វើអត្ថាធិប្បាយផងដែរថា "ពាក្យចចាមអារ៉ាមអំពី IU លាឈប់ពីភាពយន្តភាគ 'Wife of a 21st Century Prince' គឺមិនមែនជាការពិតទេ។
ជាក់ស្ដែង ពេលនេះនាងកំពុងរៀបចំខ្លួនយ៉ាងល្អសម្រាប់គម្រោងនេះ”។គួរបញ្ជាក់ថា "Wife of a 21st Century Prince" គឺជារឿងភាគមនោសញ្ចេតនាបែបស្រមើស្រមៃ និយាយពីប្រទេសកូរ៉េដែលប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
សាច់រឿងនឹងរៀបរាប់ពីរឿងស្នេហារបស់តួស្រីឈ្មោះ Sung Hee Joo ជាអ្នកស្នងមរតកនៃគ្រួសារមហាសេដ្ឋីដែលមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែគ្រាន់តែមានឋានៈធម្មតា និងតួប្រុសឈ្មោះ Lee Ahn ជាព្រះអង្គម្ចាស់ដែលគ្មានអ្វីសោះ ទោះបីមានងារជារាជបុត្ររបស់ស្តេចក៏ដោយ។បច្ចុប្បន្ន MBC កំពុងសម្រុកធ្វើការលើរឿងភាគនេះ ដោយមានគោលដៅចាក់ផ្សាយក្នុងឆ្នាំ២០២៥ នេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន