ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

LE SSERAFIM បំបែកកំណត់ត្រាថ្មីលើតារាង Billboard 200

២៥ មីនា ២០២៥ | កម្សាន្ដ

 

ក្រុមចម្រៀងនារី LE SSERAFIM បានបំបែកកំណត់ត្រាថ្មីដោយក្លាយជាក្រុមចម្រៀងស្រី K-Pop ដែលអាចជាប់ចំណាត់ថ្នាក់ Top ten ចំនួន ៤ ដងជាប់គ្នានៅលើ Billboard 200 ដោយចំណាយពេលខ្លីបំផុត។

 


ថ្មីៗនេះក្រុមចម្រៀង LE SSERAFIM ទើបតែត្រលប់មកឆាកតន្ត្រីវិញជាមួយនឹងអាល់ប៊ុមថ្មី “HOT” និងបទចម្រៀងនាំមុខមានចំណងជើងដូចគ្នា។ នៅថ្ងៃទី២៣ ខែមីនា Billboard ក៏បានប្រកាសថា អាល់ប៊ុមថ្មីនេះបានបង្ហាញខ្លួនដំបូងនៅចំណាត់ថ្នាក់លេខ ៩ នៅលើតារាង Top 200 Albums ដែលជាតារាងចំណាត់ថ្នាក់អាល់ប៊ុមពេញនិយមនៅសហរដ្ឋអាមេរិក។

 


មិនតែប៉ុណ្ណោះ អាល់ប៊ុម “HOT” ក៏បានបង្ហាញខ្លួននៅចំណាត់ថ្នាក់លេខ ១ នៃតារាង Top Album Sales របស់ Billboard ផងដែរ ដែលមានន័យថាវាជាអាល់ប៊ុមលក់ដាច់បំផុតប្រចាំសប្តាហ៍នៅសហរដ្ឋអាមេរិក។

 

 

ទិន្នន័យពីគេហទំព័រ Luminate បង្ហាញថាអាល់ប៊ុម “HOT” អាចលក់បានសរុបចំនួន ៤៥៥០០ ច្បាប់ក្នុងសប្តាហ៍ដំបូងដែលបញ្ចប់នៅថ្ងៃទី ២០ ខែមីនា និងមានការ Stream ឬស្ដាប់អនឡាញសរុប ៩,៤២ លានដង។

 


គួរបញ្ជាក់ថា “HOT” គឺជាអាល់ប៊ុមទី ៤ ជាប់ៗគ្នារបស់ LE SSERAFIM ដែលបានជាប់ចំណាត់ថ្នាក់ Top ten លើតារាង Billboard 200 គេបន្ទាប់ពីអាល់ប៊ុម “UNFORGIVEN” បានជាប់លេខ ៦, អាល់ប៊ុម “EASY” បានជាប់លេខ ៨ និងអាល់ប៊ុម “CRAZY” បានជាប់លេខ ៧។

 


សមិទ្ធផលនេះដែរក៏បានធ្វើឱ្យពួកគេបានក្លាយជាក្រុមចម្រៀងនារី K-pop ទី ២ ដែលបានជាប់ Top ten ចំនួន ៤ ដង នៅលើតារាង Billboard 200 បន្ទាប់ពីក្រុម TWICE ក្រោយបង្ហាញមុខមិនដល់ ៣ ឆ្នាំ មានន័យថាពួកគេចំណាយពេលតិចជាង TWICE ដើម្បីសម្រេចបានសមិទ្ធផលនេះ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025